ភ្នំពេញ៖ បុរសម្នាក់សង្ស័យថាបែកថ្នាំបានឡើងលើដំបូលផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលោតសម្លាប់ខ្លួនព្រោះតែខឹងម្តាយស្តីបន្ទោសរឿងលួចលុយយកទៅចាយ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៥០នាទីរសៀលថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២០ស្ថិតនៅម្ដុំផ្សារក្រមួនសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។
ជនដែលប៉ុនប៉ងលោតសម្លាប់ខ្លួនមានឈ្មោះផាន់ សុផារ៉ា អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅកន្លែងកើតហេតុខាងលើបើតាមស្ត្រីជាម្ដាយសូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថាជនរងគ្រោះខាងបុរសខាងលើធ្លាប់បានក្រុមគ្រួសារយកទៅមណ្ឌលកែប្រែមួយលើករួចមកហើយ តែដោយសារតែការអង្វររបស់កូនថានឹងសូមចេញមកវិញកែខ្លួនជាមនុស្សល្អទើបក្រុមគ្រួសារបានយកចេញពីមណ្ឌលកែប្រែវិញ
ប្រភពព័ត៌មានបានបន្តថា នៅថ្ងៃកើតហេតុម្ដាយបានស្ដីបន្ទោសពីរឿងកូនប្រុសខាងលើបានលួចលុយរបស់ម្ដាយចំនួន១៥០ ដុល្លារយកទៅចាយអស់ ពេលដែលកូនត្រឡប់មកវិញនិងបានស្ដីបន្ទោសរួចក៏ប្រាប់ថានឹងឱ្យប៉ូលីសយកទៅដាក់មណ្ឌលកែប្រែម្ដងទៀត ពេលដែលឮដូច្នេះបុរសខាងលើបានឡើងលើដំបូលផ្ទះជាពលរដ្ឋកាន់រណាអារដែកមួយសៀតនិងចង្កេះរួចក៏ថាប៉ុនប៉ងលោតសម្លាប់ខ្លួនទើបក្រុមគ្រួសារបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅជួយអន្តរាគមន៍ពេលដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បានទៅដល់កន្លែងកើតហេតុក៏ធ្វើការលួងលោមឲ្យបុរសខាងលើចុះមកក្រោមវិញដោយសន្យាថាមិនយកទៅដាក់មណ្ឌលកែប្រែទេទើបបុរសរូបនោះបានព្រមចុះមកក្រោមវិញ ហើយក៏ក្រុមគ្រួសារក្រុមគ្រួសារធ្វើការណែនាំអប់រំបន្ត។