ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី “លទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី” នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជាទិញម៉ាស់ចំនួន៥លាន២សែន ដែលក្នុងនោះពីក្រៅប្រទេសចំនួន៤លាន និង ពីរោងចក្រផលិតម៉ាស់នៅខេត្តព្រះសីហនុ ចំនួន១លាន២សែន ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ និង ផ្តល់ជូនមន្ទីរពេទ្យមួយចំនួន។
ក្នុងនោះយោងតាមសេចក្តីប្រកាសព័ត៌មាន នេះ បង្ហាញថា៖ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក៏បានចាត់ទុកអាល់កុល និង ម៉ាស់ជាទំនិញយុទ្ធសាស្ត្រ សម្រាប់បម្រុងទុកប្រើប្រាស់ក្នុងកាលៈទេសៈនៃការរីករាលដាលនៃវីរុសកូវីដ១៩ ។ មិនត្រឹមតែប៉ុណ្ណោះទេ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគោលដៅប្រែក្លាយរោងចក្រមួយចំនួនទៅជា ការផលិតម៉ាស់ អាល់កុល និង សម្ភារៈបរិក្ខារវេជ្ជសាស្ត្រសម្រាប់ផ្គត់ផ្គង់ទៅអោយរដ្ឋ ដើម្បីប្រើប្រាស់នៅក្នុងស្រុកតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីម្តងទៀតថា ជំនួយឧបត្ថម្ភពីសប្បុរសជន នឹងមិនត្រូវយកមកផ្គត់ផ្គង់បុគ្គលិកសុខាភិបាលឡើយ តែត្រូវយកទៅទិញ សំភារៈ បរិក្ខាផ្សេងៗ ជាអាទ៍ ម៉ាស់ និង អាកុល សម្រាប់ចែកជូនប្រជាពលរដ្ឋវិញ។ សម្តេចក៏បានក្រើនរំលឹកដល់ស្ថាប័ន ក្រសួង ពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឱ្យបន្តជួយផ្សព្វផ្សាយសារអប់រំ ស្តីពីការ ការពារជំងឺបង្កដោយវីរុសកូវីដ១៩ ហើយសម្តេចណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវតែគ្រប់គ្រងអោយបានម៉ត់ចត់ និងបន្តតាមដានស្ថានភាពសុខភាព របស់ពលករខ្មែរទាំងឡាយ ដែលទើបមកពីបរទេស។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍អោយត្រៀមទុកនូវ វិធានការសេដ្ឋកិច្ច ដែលផលប៉ៈពាល់ជាសកលដោយជំងឺបង្កដោយវីរុសកូវីដ១៩ អាចអូសបន្លាយរយៈពេលយូរ គឺត្រូវពង្រឹងវិស័យ កសិកម្មដែលជាចំណុចខ្លាំងរបស់កម្ពុជា ជាពិសេសការត្រៀមទំនិញ ស្បៀងចាំបាច់សម្រាប់ប្រជាជនកម្ពុជា ដូចជា អង្ករ និងអំបិល៕ សុខខេមរា