ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីផឹកស៊ីបើករថយន្តប្រឡែងគ្នាជ្រុលទៅបុកបង្គោលភ្លេីងបាក់មួយដើមអូសជាប់ក្រោមរថយន្តជាច្រើនម៉ែត្រ និងខ្សែរភ្លើងធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងស្ត្រីពីរនាក់ទៀតប្រពន្ធ និងប្អូនថ្លៃ​ ទើបនឹងចេញពីហាងផឹកសុីមួយកន្លែងបើករថយន្តរវល់តែប្រឡែងគ្នាជ្រុលចង្កូតទៅឡើងលើសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងបាក់មួយដើមជាប់ក្រោមរថយន្តជាច្រើនម៉ែត្រ និងរប៉ាត់រប៉ាយខ្សែភ្លើងពេញផ្លូវសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នា២០២០ នៅតាមបណ្ដោយផ្លូវចោមចៅ ក្បែរនិងផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី ១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។
តាមប្រភពពីស្ត្រីម្នាក់ដែលត្រូវជាប្អូនថ្លៃបានរៀបរាប់ឲ្យដឹងថា មុនកើតហេតុបងថ្លៃនឹងបងបង្កើតបានចូលផឹកស៊ីក្នុងហាងមួយកន្លែងអស់ស្រាដបជាងកន្លះកេះរួចក៏នាំគ្នាចេញមកវិញ ដោយបើករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3E-0152 ធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅ​ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើពួកគេទាំងអស់គ្នាប្រឡែងគ្នាមួយភ្លែត ស្រាប់តែរថយន្តរេចង្កូតមកខាងឆ្វេងដៃឡើងទៅលើសួនចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លើងមួយដើមដាច់ដល់គល់អូសតាមរថយន្តជាច្រើនម៉ែត្រកល់ជាប់រថយន្តទៅមុខលែងរួចចំណែកខ្សែភ្លើងធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ។
ក្រោយកើតហេតុតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួចនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ទុកប្រគល់ជូនសមត្ថកិច្ចជំនាញ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាដោយច្បាប់៕ ដោយ៖សុខាសែនជ័យ​

ចែករំលែក៖