ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ រដ្ឋាភិបាលអ៊ីតាលី ប្រកាសថាកូវីដ-១៩ ឈានដល់កម្រិតកំពូល ចំណែកអាមេរិក នឹងឈានដល់កម្រិតកំពូលនៅ២សប្តាហ៍ទៀត

ចែករំលែក៖

ប្រទេសអុីតាលី៖ មកដល់វេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា (ម៉ោងនៅកម្ពុជា) វីរុសកូវីដ១៩ បានសម្លាប់មនុស្ស នៅលើពិភពលោក ក្នុង១ថ្ងៃ ចំនួន៤៣២០នាក់ ហើយនេះជាចំនួនមួយគួរឲ្យ ភ័យខ្លាច និងព្រួយបារម្ភបំផុត។ មានប្រទេស និងដែនដី ចំនួន២០២ នៅជុំវិញពិភពលោក ឆ្លងកូវីដ-១៩ ដោយមានអ្នកឆ្លងសរុប ៨៥៨ ១២៧នាក់។ ក្នុងចំណោមអ្នកជំងឺទាំងអស់ ស្លាប់៤២.១៤០នាក់ និងជាសះស្បើយ ចំនួន ១៧៧ ១៤១នាក់។
ក្នុងរយៈពេល ២៤ម៉ោង កន្លងមក ប្រទេសអ៊ីតាលីមានអ្នកស្លាប់ច្រើនជាងគេបង្អស់ ។ មន្ត្រីសុខាភិបាលអ៊ីតាលីបានប្រកាសនៅថ្ងៃ ទី១ ខែមេសា ថា កូវីដ-១៩ នៅក្នុងប្រទេសនេះ  បានឈានដល់កម្រិតកំពូលហើយ ក្រោយមានអ្នកស្លាប់រហូតដល់ ៨៣៧នាក់ ក្នុងមួយថ្ងៃ ។ អ៊ីតាលី គឺជាប្រទេស ដែលរងគ្រោះធ្ងន់ជាងគេបំផុត ចាប់តាំងពីផ្ទុះកូវីដ-១៩ មក  ដោយប្រទេសនេះមានអ្នកស្លាប់សរុបកើនឡើងដល់ទៅ ជាង១២ពាន់នាក់  និង ជាង ១សែននាក់ឆ្លងកជំងឺនេះ។
ប៉ុន្តែ ក៏មានសញ្ញាល្អប្រសើជាងមុន បន្តិច ដោយក្នុងតំបន់ Lombardy មានចំនួនអ្នកឆ្លងថយចុះ ជាបន្តបន្ទាប់ ៦ថ្ងៃជាប់គ្នា ហើយក្នុងថ្ងៃទី ៣១ខែមីនា មានអ្នកឆ្លងតែ ១០៤៧នាក់ប៉ុណ្ណោះ ។ មន្ត្រីសុខាភិបាល អ៊ីតាលី សង្ឃឹមថា ចំនួនអ្នកឆ្លងធ្លាក់ចុះ និងជួយឲ្យចំនួនអ្នកស្លាប់ធ្លាក់ចុះផងដែរ ក្នុងពេលខាងមុខ ។ លោកបន្តទៀតថា នៅសប្តាហ៍ក្រោយនឹងមានអ្នកស្លាប់ថយចុះវិញហើយ ដោយមិនមានអ្នកជំងឺធ្ងន់ៗឡើយ។
រដ្ឋាភិបាលអ៊ីតាលី បានប្រកាសថា  ច្បាប់អាសន្ន នឹងបន្តអនុវត្តរហូតដល់ថ្ងៃទី ១២ខែមេសា ខណៈការរាលដាល កូវីដ-១៩ នៅតែបន្តកើនឡើងដដែល។ ការដាក់ប្រទេសក្នុងគ្រាអាសន្ន បានជួយសង្គ្រោះពលរដ្ឋអ៊ីតាលី ដល់ទៅ ៣៨ពាន់នាក់រួចផុតពីក្តីស្លាប់ ។ នៅថ្ងៃទី ៣១ខែមីនា អ៊ីតាលី បានបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាលប៉ុណ្ណោះ ជាការកាន់ទុក្ខនឹងចំណាយពេល ១ នាទីគោរពវិញ្ញានក្ខន្ធ ដល់ជនរងគ្រោះដោយ កូវីដ-១៩។
នៅថ្ងៃទី ៣១ខែមីនា ប្រទេសដែលមានអ្នកស្លាប់ដោយកូវីដ-១៩ ច្រើនជាងគេក្នុងរយៈ២៤ម៉ោង ចុងខែមីនា គឺប្រទេស អេស្ប៉ាញ ដោយមានអ្នកស្លាប់ដល់ទៅ ៨៤៩នាក់។ បន្ទាបមកគឺ អ៊ីតាលី ៨៣៧នាក់ និងលំដាប់ទី ៣ អាមេរិក មានអ្នកស្លាប់ជាង ៧០០នាក់ក្នុងមួយថ្ងៃ ។
ពិតជាអាណោចអាធ័មជាទីបំផុត ចំពោះ សហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ ត្រូវគេរាយការណ៍ថា មានអ្នកជំងឺ COVID-19  រហូតដល់ ៧០០នាក់ បានស្លាប់ (ក្នុងមួយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) គឺជាការបាត់បង់ជីវិត ដ៏ច្រើនបំផុត ។ នេះមិនទាន់ដល់កម្រិតកំពូល នៅឡើយទេ  ហើយប្រធានាធិបតីអាមេរិក ប្រកាសថា នឹងឈានដល់កម្រិតកំពូល ក្នុងរយៈពេល ២សប្តាហ៍ខាងមុខ ។

ជិតពាក់កណ្តាល អ្នកស្លាប់ គឺស្ថិតនៅក្នុងរដ្ឋញូវយ៉ក ដែលជាចំណុចកណ្តាល នៃជំងឺ COVID-19 រាតត្បាតខ្លាំងជាងគេ ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ប្រភពព័ត៌មាន ថា ស្ថានការណ៍ អាចនឹង អាក្រក់ ខ្លាំងជាងនេះទៀត នៅក្នុងសប្តាហ៍ខាងមុខ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកជំងឺ COVID-19 នៅលើទឹកដីអាមេរិក ដែលបាត់បង់ជីវិត មានសរុប ជាង ៣៧០០ នាក់ គឺច្រើនជាង អ្នកស្លាប់ដោយសារអំពើវាយប្រហារភេរវកម្ម ថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោកនោះទៅទៀត ។ ចំណែកអ្នកឆ្លង COVID-19 វិញ សរុបជាង ១៨៤ ០០០ នាក់ គឺកើនឡើងថែម ២១ ០០០ ករណី ពីមួយថ្ងៃមុននេះ ។
បើតាមក្រុមអ្នកជំនាញ បានព្យាករថា អ្នកជំងឺCOVID-19 នៅក្នុងទឹកដីសហរដ្ឋអាមេរិក អាចស្លាប់ពី ១០០ ០០០ នាក់ ដល់២០០ ០០០ នាក់ ។ អាមេរិកបានចាត់វិធានការទប់ស្កាត់តឹងរ៉ឹង រួមមាន ការបិទ ទីក្រុង និងបណ្តារដ្ឋមួយចំនួន ការហាមឃាត់ប្រជាជន ឲ្យនៅតែក្នុងផ្ទះជាដើម។ ប៉ុន្តែ ទោះជាបែបណាក៏ដោយ តួលេខ ស្តីអំពីកំណើន នៃអ្នកឆ្លងថ្មី និងបាត់បង់ជីវិត ហាក់មិន មានកម្សោយចុះនោះទេ។
យ៉ាងតិច រដ្ឋចំនួន ៣០ របស់អាមេរិក បានចេញបញ្ជាឲ្យប្រជាជន ស្ថិតនៅតែក្នុងផ្ទះ។ ករណីនេះ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយមនុស្សរាប់លាននាក់ គ្មានប្រាក់ចំណូល យ៉ាងក៏ដោយ ក៏មាន ប្រាក់ ចំណូលជាបណ្តោះអាសន្ន ។
គួរបញ្ជាក់ថា ជំងឺ COVID-19 ផ្ទុះឡើងដំបូងគេ នៅ ក្នុងខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន។ ជំងឺCOVID-19 បានឆ្លង នៅប្រទេសចិន សរុប ៨១ ៥១៨នាក់ ក្នុងនោះបាត់បង់ជីវិត ៣ ៣០៥នាក់ និង៧៦០៥២នាក់ ចាកចេញពីមន្ទីរពេទ្យ ជាសះស្បើយ ។ ប្រទេសនេះ ហាក់បានគ្រប់គ្រងស្ថានការណ៍ជំងឺរាតត្បាត COVID-19 ដោយជោគជ័យ ។
ដោយឡែក ប្រទេស អាមេរិកបានឈរនៅលើកំពូង តារាង ប្រទេសដែលផ្ទុកវីរុស COVID-19 ច្រើនជាងគេបំផុត ។ តួលេខរបស់ Wikipedia អះអាង កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០ ថា អាមេរិកមានអ្នកឆ្លង COVID-19 សរុប ១៨៨ ៦៣៣នាក់ ក្នុងនោះបាត់បង់ជីវិត ៣ ៨៣៣នាក់ និង ៦ ៩១៣នាក់ បានជាសះស្បើយ ។
អ៊ីតាលី និងអេស្ប៉ាញ ជាប្រទេស ទីពីរ និងទី បី ដែលឆ្លងCOVID-19 ច្រើនជាងគេ ជុំវិញពិភពលោក។ អ៊ីតាលី មានអ្នកឆ្លង COVID-19 ចំនួន ១០៥ ៧៩២នាក់ ក្នុងនោះបាត់បង់ជីវិត ១២ ៤២៨នាក់ ប៉ុន្តែ ១៥ ៧២៩នាក់ បានជាសះស្បើយ ។  រីឯអេស្ប៉ាញ ឆ្លង COVID-19 ចំនួន៩៥ ៩២៣នាក់ ក្នុងនោះ បាត់បង់ជីវិត ៨ ៤៨៤នាក់ និង១៩ ២៥៩នាក់ បានជាសះស្បើយវិញផងដែរ៕ដោយ៖ ធីរីណា


ចែករំលែក៖