ព័ត៌មានទាន់ហេតុការណ៍៖

«មិនឃើញមឈូសមិនស្រក់ទឹកភ្នែក» «ចង់ដេកក្នុងផ្ទះឬដេកក្នុងមឈូស»

ចែករំលែក៖

ហ្វីលីពីន៖ ហ្វីលីពីនចាត់វិធានការតឹងតែងទប់ស្កាត់ពលរដ្ឋចេញក្រៅផ្ទះ ដោយដាក់មឈូសតាមផ្លូវ ជាការព្រមានដល់ពលរដ្ឋថា មច្ចុរាជរងចាំគ្រប់ទីកន្លែង នៅតាមផ្លូវ ។
ការឆ្លងរាលដាលនឹងស្លាប់ដោយកូវីដ-១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្នហ្វីលីពីន មានអ្នកស្លាប់កើនឡើងដល់ ៨៨នាក់ និងអ្នកឆ្លងកើនឡើង ជាង ២០០នាក់ ។ ហ្វីលីពីនស្ថិតនៅក្នុងលំដាប់លេខ២ ពីចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ក្នុងតំបន់អាស៊ាន ។ ប្រទេសមានអ្នកស្លាប់ច្រើនជាងគេគឺឥណ្ឌូនេស៊ី ដោយមានអ្នកស្លាប់កើនឡើង ១៣៦នាក់ ។
នៅពេលនេះហ្វីលីពីនបានចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសដ៏កាចសហាវមួយនេះ ដោយបានហាមប្រាមពលរដ្ឋចេញក្រៅផ្ទះ។ ដើម្បីទប់ស្កាត់ពលរដ្ឋ កុំឲ្យដើរផ្តេសផ្តាស ចេញក្រៅផ្ទះ ប៉ូលិសហ្វីលីពីនបានប្រើយុទ្ធសាស្ត្របន្លាចពលរដ្ឋ ដោយយកមឈូសទៅដាក់តាមផ្លូវ នៅកន្លែងត្រួតពិនិត្យ ហើយសរសេរអក្សធំៗបិទពីលើថា «ចង់ដេក នៅផ្ទះ ឬចង់ដេកនៅក្នុងមឈូស» ។
សកម្មភាពរបស់ខាងលើរបស់ប៉ូលិសហ្វីលីពីន មិនខុសអ្វីនឹងពាក្យចាស់ ថា «ឃើញមឈូសទើបស្រក់ទឹកភ្នែក» ។ ការយកមឈូសទៅដាក់នៅតាមកន្លែងត្រួតពិនិត្យ ជាវិធីសាស្ត្រ ដើម្បីដាស់តឿនស្មារតីរបស់ ពលរដ្ឋ ឲ្យមានឆន្ទៈ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ដូច្នេះមានវិធីតែមួយគត់ ហើយជាអាវុធអាចយកឈ្នះកូវីដ-១៩បាន មានតែនាំគ្នាស្នាក់នៅក្នុងផ្ទះ។ បើចេញក្រៅផ្ទះ ដូចជាការចេញមកស្លាប់ អ៊ីចឹង ដែរ។

ប៉ូលិសនៅទីក្រុង Pampanga បានយកមឈូសពណ៌សដាក់នៅទីសាធារណៈ ទុកជាការព្រមានដល់ពលរដ្ឋ កុំឲ្យចេញពីផ្ទះ ហើយត្រូវគោរពទៅតាមច្បាប់ដែលបានដាក់ចេញ បើមិនចង់ស្លាប់ទេនោះ។ ក្រៅពី ពាក្យស្លោកបិទនៅលើក្តារមឈូស នៅមានយមរាជកំពុងតែរង់ចាំ ទៀតផង មើលទៅគួរឲ្យខ្លាចមែន។
នេះជាយុទ្ធសាស្ត្រប្លែកបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ និងរារាំងពលរដ្ឋកុំចេញក្រៅផ្ទះ។ ចំណែកនៅក្នុងប្រទេសឥណ្ឌា ប៉ូលិសកាត់រំពាត់ដើរវាយអ្នកដែលចេញពីផ្ទះ ហើយនៅប្រទេសផ្សេងៗ អាជ្ញាធរបានផាកជាលុយ ឬចាប់ដាក់គុក ដែលបានបំពានច្បាប់ បម្រាមគោចរ៕ ដោយ៖ ធីរីណា


ចែករំលែក៖