បច្ចុប្បន្នប្រទេសមហាអំណាច នៅលើពិភពលោកបានទម្លាក់កំហុស ចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធនិងកូវីដ-១៩។ អាមេរិក ចោទចិន ចិនចោទអាមរិក ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ។ សហគមន៍អន្តរជាតិបានអំពាវនាវឲ្យមេដឹកនាំធំៗលើពិភពលោកកំយកបញ្ហានយោបាយ ចូលជាមួយកូវីដ-១៩។
ពេលថ្មីៗនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ អាចបង្កឲ្យមានភាពចលាចល អសន្តិសុខ និងអំពើហិង្សាកើតឡើងនៅលើពិភពលោក។
លោក Antonio Guterres បានបញ្ជាក់ថា កូវីដ-១៩ បានបង្កឲ្យមានវិបត្តិទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ក្រោយសង្គ្រាមលោកលើកទីពីរ។ កូវីដ-១៩ បានគំរាមកំហែងដល់អាយុជីវិតពលរដ្ឋជាច្រើន ។ ជាមួយគ្នានេះការជះឥទ្ធិពល របស់វាដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ធ្លាក់ក្នុងវិបត្តិ ជាប្រវត្តិសាស្ត្រ។
លោក Antonio Guterres បន្តទៀតថា កូវីដ-១៩ និងការជះឥទ្ធិពលលើវិស័យសេដ្ឋកិច្ច ជាចំណុចបង្កឲ្យមានអសន្តិសុខ អំពើហិង្សា នៅលើពិភពលោកទាំងមូល ។ លោកបន្តទៀតថា អ្នកដែលបាត់បង់ការងារធ្វើ ដោយក្រុមហ៊ុនជាច្រើនត្រូវបិទទ្វារ កើនឡើងច្រើន អាចបង្កអសន្តិសុខក្នុងសង្គម។
លោក Antonio Guterresបញ្ជាក់ថា ប្រសិនបើពិភពលោកមិនសាមគ្គី ហើយនៅតែភ្ជាប់នយោបាយជាមួយនិងកូវីដ-១៩នោះ នឹងធ្វើឲ្យស្ថានភាពអាក្រក់គំរាមកំហែងដល់ភាពស្ថិតស្ថេរបស់មនុស្ស។ គិតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ ខែមេសា នៅលើពិភពលោកទាំងមូល មានអ្នកឆ្លងកូវីដកើនឡើង ដល់ ៨៥៩ពាន់នាក់ ស្លាប់ជាង៤២ពាន់នាក់ និងព្យាបាលជាសះស្បើយជាង ១៧៨ពាន់នាក់៕ ដោយ៖ ធីរីណា