ខេត្តកោះកុង៖ កម្លាំងនគរបាលព្រហ្មទណ្ខ នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានឃាត់ខ្លួនយុវជនម្នាក់ ករណីបទល្មើសព្រហ្មទណ្ឌ ដោយយុវជនសង្ស័យរូបនេះផឹកស្រាស្រវឹងបានធ្វើសកម្មភាពហិង្សា យកដំបងឫស្សីវាយលើឪពុកបង្កើតរបស់ខ្លួន បណ្ដាលឲ្យត្រូវចំកំភួនដៃខាងឆ្វេង ចំក្រោមឆ្អឺងជំនីរខាងឆ្វេងរបួសយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីជិតភ្លឺឈានចូលថ្ងៃអង្គារ ៨កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ស្ថិននៅត្រង់ចំណុច ភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។
មន្ត្រីនគរបាលស្រុកស្រែអំបិលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជិន ហៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ចំណែកឯជនរងគ្រោះជាឪពុកឈ្មោះ ណិន ជិន អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។ មុនពេលកើតហេតុជនសង្ស័យមកពីផឹកស៊ីស្រវឹងចូលផ្ទះ ហើយត្រូវឪពុកស្តីបន្ទោសបន្តិចបន្តួច មានចិត្តខឹងក៏វាយឪពុកខ្លួនឯងយ៉ាងចាស់ដៃបណ្តាលឲ្យរបួសធ្ងន់តែម្តង។
បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលជំនាញកសាងសំណុំរឿងរួមជមួយភស្តុតាងមួយចំនួនដើម្បីចាត់ការតាមនីតិវិធី ៕ សហការី