ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលនៃស្នងការខេត្តឃាត់ខ្លួនក្រុមចោរឆក់កាបូប៦នាក់ជាបន្ដបន្ទាប់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបបានឃាត់ខ្លួនក្រុមចោរឆក់កាបូប៦នាក់ ជាបន្ដបន្ទាប់ ក្នុងក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងនៅព្រឹកនេះថាដោយទទួលបានផែនការការពារ និងល្បាតក្នុងខេត្តសៀមរាបជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការនគរបាលខេត្តសៀមរាបនិងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ ខេត្តសៀមរាប នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានល្បាតតាមគោលដៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមបណ្តឹងស្ត្រីម្នាក់ករណីឆក់កាបូបនៅតាមផ្លូវទៅអង្គរវត្ត។ ក្នុងនោះកម្លាំងរបស់លោក បានដេញប្រផាប់ចាប់ប្រផីងបណ្តាលឲ្យជនសង្ស័យម្នាក់ធ្លាក់ពីលើម៉ូតូ ឯ២នាក់ទៀតរត់រួចខ្លួន។

ជនសង្ស័យដែលឃាត់បាននោះឈ្មោះ ដោ រ៉ូស៊ីញ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកបន្តថា លុះដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នគរបាល ព្រហ្មទណ្ឌកំរិតស្រាលបានបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ បន្ថែមដែលជាបក្ខពួកនិង ជនដៃដល់ខាងលើ។

ជនសង្ស័យទី១ ឈ្មោះ សេង ដាវី ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆក់កាបូប ។ ទី២ឈ្មោះ ចាន់សុធា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆក់កាបូប។ ទី៣ ឈ្មោះ រិទ្ធី ឡាយហួ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ករណីឆកកាបូប។ ទី៤ ឈ្មោះ ហឿត សុផាត ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ករណីឆក់កាបូប ។ ទី៥ឈ្មោះ ឆោម រតនា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ករណីឆក់កាបូប ។

លោកបញ្ជាក់ថា សម្ភារៈបាត់បង់មានដូចជា កាបូបស្ពាយពណ៌ខ្មៅមានខ្សែដែកពណ៌ស , ទូរសព្ទដៃម៉ាកវីវ៉ូ ពណ៌ក្រហម មួយគ្រឿង , ទូរសព្ទដៃម៉ាក់អិនចុចពិលមួយគ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១+ ប័ណ្ណបសសចំនួន១ និងសម្ភារៈមួយចំនួនទៀត និងលុយ។

លោកបន្ថែមថា ដកហូតជាក់ស្ដែងមកវិញមានដូចជា៖ ១ទូរស័ព្ទដៃមួយគ្រឿងម៉ាក vivo ក្រហមក្រមៅ មួយគ្រឿងដែលជារបស់ជនរងគ្រោះ,កាតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ ដែលជារបស់ជនរងគ្រោះ។ កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួនមួយដែលជារបស់ជនរងគ្រោះ។

តាមចម្លើយសារភាពរបស់ពួក ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបនៅក្នុងក្រុងសៀមរាប ពិតប្រាកដមែន។

ករណីនេះសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់។ ចំណែកសម្ភារៈដែលជារបស់ជនរងគ្រោះបាន ប្រគល់ជូនជនរងគ្រោះវិញ៕  ប៊ុនរិទ្ធី


ចែករំលែក៖