ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយមានតំណាងរាស្ត្រជាច្រើនឆ្លងកូវីដ-១៩​ពេលនេះប្រធានរដ្ឋសភាក៏ឆ្លងដែរ

ចែករំលែក៖

ប្រទេសអ៊ីរ៉ង់៖ មន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៅក្នុងប្រទេសអ៊ីរ៉ង់ បានឆ្លងកូវីដ-១៩  ក្នុងនោះមានតំណាងរាស្ត្រប្រមានជិត​៣០រូបបានឆ្លងកូវីដ-១៩ ។ នៅពេលនេះប្រធានរដ្ឋសភា​ក៏បានធ្វើតេស្តរកឃើញឆ្លងកូវីដ-១៩នោះដែរ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ដែលឆ្លងកូវីដ-១៩​នាពេលនេះ គឺជាប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Larijani  បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ-១៩ ។ សារព័ត៌មានអ៊ីរ៉ង់​ IRNA ​បានផ្សាយថា ក្រោយប្រធានរដ្ឋសភាមានសុខភាពខុសប្រក្រតី ក៏បានសម្រេចទៅធ្វើតេស្ត ហើយលទ្ធផលវិជ្ជមានចំពោះកូវីដ-១៩។ ពេលនេះលោកត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកដើម្បីព្យបាល​។

មកទល់ពេលនេះ​ប្រធានរដ្ឋសភាអ៊ីរ៉ង់ ជាមន្ត្រីជាន់ខ្ពស់បង្អស់របស់អ៊ីរ៉ង់ឆ្លងកូវីដ-១៩ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។កាលពីសប្តាហ៍កន្លងមក  លោក​ Ali Larijani បានលើកឡើងថា អ៊ីរ៉ង់ទប់ស្កាត់កូវីដ-១៩ បានល្អជាងប្រទេសជាច្រើន​នៅលើពិភពលោក​។

លោក​ Ali Larijani បញ្ជាក់ថា «ដោយសារតែមានយុទ្ធសាស្ត្រ​ល្អរបស់ក្រសួងសុខាភិបាលនិងកម្លាំង​ប្រដាប់អាវុធ  ទើបអ៊ីរ៉ង់គ្រប់គ្រងបានស្ថានភាពឆ្លងរាលដាលកូវីដ-១៩​ប្រសើរជាងប្រទេសជាច្រើនក្នុងតំបន់​ និងលើពិភពលោក​។

តាមតួលេខថ្មីបំផុត​បានបង្ហាញឲ្យឃើញថា អ៊ីរ៉ង់​មានករណីឆ្លងកូវីដ-១៩ ជាង​៥ម៉ឺននាក់ និងស្លាប់ជាង​៣ពាន់នាក់​។ អ៊ីរ៉ង់​ជាប្រទេសមានករណីឆ្លង និងស្លាប់មុនគេនៅតំបន់មជ្ឈិមបូព៌ា និងអ៊ីរ៉ុប ប៉ុន្តែដោយមានការជួយអន្តរគមន៍ពីរុស្ស៊ី និងចិន អ៊ីរ៉ង់ទប់ស្កាត់បានស្ថានភាព ឆ្លងរាលដាលយ៉ាងប្រសើរបំផុត​។ ជាមួយគ្នានេះអ្នកជំងឺជាសះស្បើយក៏បានកើនឡើងដល់១៦ .៧០០នាក់ ហើយ។

ដើម្បីជ័យដល់អ៊ីរ៉ង់ មានសម្ភារពេទ្យគ្រប់គ្រាន់ក្នុងការធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩  អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខភាពប្រធានាធិបតី​អាមេរិកក្នុងការបោះឆ្នោតនាខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺលោក​ Biden ​បានស្នើដល់ប្រធានាធិបតី ដូណាល់ ត្រាំ លើកលែងទណ្ឌកម្មដល់អ៊ីរ៉ង់ ក្នុងគោលដៅមនុស្សធម៌ដើម្បីជួយដល់ប្រទេសនេះ ទប់ស្កាត់​ការឆ្លងរាលដាលកូវីដ-១៩ ។

លោក​ Joe Biden ​បានបញ្ជាក់ថា អ៊ីរ៉ង់ រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែខ្វះសម្ភារពេទ្យ ។ លោក Biden ​បានបញ្ជាក់ថា  អាមេរិកគួតែបង្កើត បណ្តាញដាច់ដោយឡែកមួយ ដល់បណ្តាលក្រុមហ៊ុនធនាគារ ដោយផ្តល់លិខិតអនុញ្ញាត លក់បរិក្ខាពេទ្យដល់អ៊ីរ៉ង់ ។

ការអំពាវនាវរបស់អតីតអនុប្រធានាធិបតី និងជាបេក្ខភាព​ប្រធានាធិបតី ក្រោយពេល សមាជិកព្រឹទ្ធសភា​​មួយចំនួនបានអំពាវនាវឲ្យលើកលែងទណ្ឌកម្មដល់អ៊ីរ៉ង់​។

កន្លងមកអង្គការសិទ្ធិមនុស្សអន្តរជាតិបានអំពាវនាវ ដល់អាមេរិក លុបទណ្ឌកម្មដល់បណ្តាប្រទេសដូចជា អ៊ីរ៉ង់ កូរ៉េខាងជើង វេណេហ្ស៊ុយអេឡា ដើម្បីធានាប្រភពផ្គត់ផ្គង់ សម្ភារ បរិក្ខាពេទ្យគ្រប់គ្រាន់ទប់ស្កាត់កូវីដ-១៩។

ជាមួយគ្នានេះរដ្ឋមន្ត្រីការពារបរទេសអាមេរិក លោក​ Mike Pompeo ​​បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន មិនដាក់ទណ្ឌកម្ម​ ដល់ប្រភពផ្គត់ផ្គង់​ និងជំនួយមនុស្សធម៌ ​បរិក្ខាពេទ្យ នោះឡើយ​៕ ដោយ ធី រីណា


ចែករំលែក៖