ខេត្តកំពង់ស្ពឺ៖ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជ្រែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ដោយទទួលបានកិច្ចសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធន: ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធន:ចំនួន ៨ ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ខេត្តកំពង់ស្ពឺ។
ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ៨ នោះផងដែរ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជាលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញ បានរកឃើញដេប៉ូចែកចាយប្រេងឥន្ធន: ចំនួន ៤ បានលក់ប្រេងជូនអតិថិជន មិនមានអនុលោមភាពផ្នែកបរិមាណ គុណភាព និងតម្លៃ។ បន្ទាប់មក មន្រ្តីជំនាញបានធ្វើកំណត់ហេតុ និងអនុវត្តនីតិវិធីពិន័យអន្តរការណ៍ ទៅលើដេប៉ូទាំង៤ ដោយដេប៉ូចំនួន៣ ត្រូវបានពិន័យជាប្រាក់ចំនួន ២,០០០,០០០៛ ក្នុងមួយដេប៉ូ និងដេប៉ូមួយទៀត ត្រូវបានពិន័យជាប្រាក់ ចំនួន ១,០០០,០០០ ៛ ។
នាឱកាសនោះដែរ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំឱ្យម្ចាស់ស្ថានីយ និងដេប៉ូទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធន:នៅតាមបណ្តាស្ថានីយ របស់ក្រសួងពាណិជ្ជកម្ម។ បើពុំនោះទេ ម្ចាស់ស្ថានីយ ឬដេប៉ូទាំងនោះ និងត្រូវប្រឈមនឹងការផាកពិន័យ ជាប្រាក់ ឬត្រូវកំណត់ឱ្យផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ឬនឹងត្រូវប្រឈមចំពោះមុខច្បាប់នៅតុលាការ ប្រសិនបើនៅតែបន្តប្រព្រឹត្តបទល្មើសដដែលដោយមិនរាងចាល ៕ សហការី