ខេត្តបន្ទាយមានជ័យ ៖ ហ៊ានអីស្លាប់នឹងចាស់ហាមមិនស្តាប់នាំឲ្យអន្តរាយដល់ខ្លួន។ ជាក់ស្តែងយុវជនម្នាក់នេះបានបង្ហោះម៉ូតូជ្រែគេឯងចង់បង្អួតថា ខ្លួនឯងគ្រាន់បើណាស់ មានអី!ស្រាប់តែភ្លាត់ស្នៀត ទៅបុកម៉ូតូ១គ្រឿងទៀតកំពុងចាក់សាំងបណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងដែលមិនគួរនឹកស្មានដល់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នៅត្រង់ចំណុចចុងភូមិស្ទឹង ឃុំរលួសស្វាយចេក ខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលរលួសស្វាយចេកបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ 125 ពណ៌ខ្មៅ ឆ្នាំផលិតនៅឆ្នាំ២០១៤ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1i 9771បើកដោយ ឈ្មោះ មុន ទី ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានបើកពីជើងទៅត្បូងក្នុងល្បឿនលឿន។លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែធ្វើការបង្ហោះជ្រែចុះជ្រែឡើងៗក៏ភ្លាត់ស្នៀតជ្រុលទៅទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ក្រហមកំពុងឈប់ចាក់សាំងលើចិញ្ចើញផ្លូវជាតិដែលអ្នកបើកមានឈ្មោះ សូត្រ ទ្រី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិសែសិន ក្រុងសិរីសោភ័ណបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យឈ្មោះ មុន ទី ជាអ្នកបើកម៉ូតូបង្ហោះដួលបោកក្បាលទៅថ្នល់ឈាមហូរជោកជាំស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ ចំណែកភាគីម៉ូតូម្ខាងទៀតរងរបួសស្រាល ។
សមត្ថកិច្ចដដែលបានបញ្ជាក់ឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់នេះបណ្តាលមកពីយុវជនដែលស្លាប់នោះបើកបង្ហោះកាច់រឹកកាច់រាងកាច់ចង្កេះបង្អួតដាក់គេឯងថាខ្លួនគ្រាន់បើ តែមិនគ្រាន់បើបែរជាបាត់បង់ជីវិតគួរឲ្យសោកស្តាយទៅវិញ ។
ក្រោយពីកើតហេតុសាកសពយុវជនរូបនេះត្រូវសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ចំណែកអ្នកយានជំនិះពាក់ព័ន្ធត្រូវសមត្ថកិច្ចយកទីរក្សាទុកនៅអធិការដើម្បីដោះស្រាយនៅពេលក្រោយ៕ សហការី