ព័ត៌មានទាន់ហេតុការណ៍៖

រឿងលុយទៀតហើយ កញ្ញា សូដា នីតា គំរាម​ប្ដឹង លោក រិទ្ធិ អូមេហ្គា រឿងជំពាក់លុយមិនសង

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងមានការភ្ញាក់ផ្អើលរឿងពិធីករសុខ រ៉ាស៊ី ប្រកាសទាលុយពីអ្នកដឹកនាំនាំ រិទ្ធិ អូមេហ្គា មិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាសម្តែង និងចម្រៀង កញ្ញា សូដា នីតា ប្រកាសទាលុយចំនួន៦៥០០ដុល្លារបន្ថែមទៀត។

ទើបនឹងបាត់បង់ម្តាយជាទីស្រលាញ់ មិនបានប៉ុន្មានថ្ងៃផង សូដា នីតា បានប្រកាសចំៗលើបណ្តាញសង្គមហ្វេសប៊ុក ទៅកាន់លោក ឃុន ធារិទ្ធិ ហៅ រិទ្ធិ អូមេហ្គាឲ្យចេញមុខមកដោះស្រាយបំណុលចំនួន ៦៥០០ដុល្លារអាមេរិក។ នាងលើកឡើងថាជា​អតីត​អ្នក​ដឹកនាំ​សម្ដែង​ផលិតកម្ម​ក្នុង​ស្រុក​មួយ​នោះ បាន​ជំពាក់​ប្រាក់​នាង​ចំនួន ៦៥០០ ដុល្លារ​អាមេរិក ហើយ​មិន​ព្រម​សង ដោយ​បាន​ត្រឹម​សន្យា​ចោល​ៗ​ជា​ច្រើន​លើក។ ដូច្នេះ​ហើយ នាង​បាន​ស្នើ​ឲ្យ​ភាគី​កូន​បំណុល​របស់​នាង ចេញ​មក​ជួប​ដោះស្រាយ​ជាមួយ​នាង​ម្ដង​ទៀត។ ក្នុង​សំណេរ​នោះ​ដដែល តារា​ម៉ូដែល​បញ្ជាក់​ថា លោក Rith Omega មិន​លើក​ទូរស័ព្ទ​របស់​នាង។ ដូច្នេះ​ហើយ នាង​ថា បើ​លោក ធារិទ្ធ ចេញ​មក​ដោះ​ស្រាយ​ជាមួយ​នាង នាង​នឹង​ដាក់​បណ្ដឹង ឡើង​ដល់​តុលាការ។

ទោះជាយ៉ាងណា ​លោក Rith Omega បាន​ឲ្យ​ដឹង​ថា ចំពោះ​លុយ​ដែល​លោក​ជំពាក់ គឺ​ជា​លុយ​ដែល​ភាគី​ខាង​ស្រី ជា​អ្នក​កក់​លើ​ការ​ទិញ​ម៉ាស់ ១ម៉ឺន​ដុល្លារ​អាមេរិក(សង​បាន ៣៥០០​ហើយ)​របស់ ហើយ​ហេតុ​ដែល​លោក​ភ្លាត់​ធ្លាក់​ជា​កូន​បំណុល គឺ​ដោយ​សារ​តែ​លោក​ចាញ់​បោក​គេ​បន្ត​ដែរ យ៉ាង​លោក​នៅ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​លុយ​នោះ ជាក់​ស្ដែង​លោក​ក៏​បាន​សង​ខ្លះ​ហើយ។ តប​នឹង​ការ​ប្រកាស​របស់ សូដា នីតា លោក ឃុន ធារិទ្ធ បាន​បញ្ជាក់​ថា លោក​មិន​បាន​គេច​វេស ឬ​រត់​ទៅ​ណា​ទេ ពេល​ខ្លះ​លោកមិន​បាន​លើក​ទូរស័ព្ទ​ព្រោះ​តែ​លោក​រវល់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​នៅ​តែ​ព្យាយាម​តប​ទៅ​ភាគី​តារា​ស្រី​ជា​រហូត​មក មិន​បាន​គេច​វេស​នោះ​ទេ។លោក បញ្ជាក់ថា ល្ងាចនេះ មេធាវីលោក នឹងទាក់ទងទៅភាគី សូដា នីតា វិញដើម្បីបញ្ជាក់។តារាស្រីសូដា នីតាលើកឡើងថា នាង​ប្រកាន់​ត្រង់​ថា លោក ធារិទ្ធ បាន​ខក​ខាន​ក្នុង​ការ​សង​ប្រាក់​នាង​ត្រឡប់​មក​វិញ​ម្ដង​ហើយ​ម្ដង​ទៀត ពោល​គឺ​បាន​ត្រឹម​តែ​សន្យា​ៗ ប៉ុន្តែ​មិន​សង ក្នុង​នោះ នាង​បញ្ជាក់​ទៀត​ថា ភាគី​កូន​បំណុល​មាន​ទាំង​ផ្ដិត​មេដៃ​ធានា​សង​ប្រាក់​នាង​ម្ដង​ជា​ពីរ​ដង​ទៀត ប៉ុន្តែ​នៅ​តែ​មិន​ឃើញ​លោក​សង​ដដែល។

គួរបញ្ជាក់ដែរថា កាលពីខែកុម្ភៈកន្លងទៅក៏លេចចេញដំណឹងភ្ញាក់ផ្អើលស្រដៀងគ្នានេះចំពោះអតីតអ្នកដឹកនាំសម្តែងរូបនេះដែរក្រោយពីពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី បានបង្ហោះសារខ្លី មានន័យជ្រៅគឺសុំឲ្យលោក រិទ្ធិ អូមេហ្គា ដែលគេស្គាល់ថាជាអ្នកជំនួញ និងជាផលិតករដឹកនាំសម្តែងក្នុងផលិតកម្មថោន ឲ្យចូលខ្លួនមកដោះស្រាយបំណុលឲ្យបានឆាប់រហ័ស។  សារត្រូវបានលុបភ្លាមៗក្រោយពីភាគីទាំងពីសម្របសម្រួលគ្នា៕  ដោយ វឌ្ឍនា


ចែករំលែក៖