ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកក្លាយជា«ចោរប្លន់ទំនិញសម័យទំនើប» ដោយបន្តប្លន់ម៉ាស់បម្រុងដឹកទៅអាល្លឺម៉ង់

ចែករំលែក៖

អាមេរិក៖ ស្ថានភាព នៃការឆ្លងរាលដាលនៅអាមេរិក កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យអាមេរិក ប្រឈមនឹងកង្វះ បរិក្ខាពេទ្យ យ៉ាងខ្លាំង បង្ខំឲ្យអាមេរិកត្រូវតែ ប្រើផ្លូវកាត់ ស្ទាក់ទិញទំនិញទាំងឡាយ សម្រាប់ប្រឆាំងកូវីដ-១៩ ។ កន្លងមកអាមេរិក «ប្លន់ម៉ាស់»មួយយន្តហោះរបស់បារាំង ពេលនេះអាមេរិកបន្តប្លន់របស់អាល្លឺម៉ង់ទៀត  ធ្វើឲ្យប្រទេសតំបន់អឺរ៉ុបខឹងសម្បាយ៉ាងខ្លាំង ។
ការដោះស្រាយស្ថានភាព ខ្វះម៉ាស់ការពារ កូវីដ-១៩ របស់អាមេរិក ត្រូវបានគេចាត់ទុកថាជា«ចោរសម័យទំនើប» ក្រោយពេលស្ទាក់ទិញ ម៉ាស់ឲ្យតម្លៃខ្ពស់ជាង ៣ដងតម្លៃដើម ដែលបម្រុងនាំទៅឲ្យប៉ូលិសអាល្លឺម៉ង់ ឲ្យបង្វែទិសដៅទៅកាន់អាមេរិកវិញ។
មន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា ម៉ាស់ N95 ប្រមាណ២ម៉ឺនម៉ាស់ ដែលដឹកឆ្លងកាត់ប្រទេសថៃ ឆ្ពោះទៅអាល្លឺម៉ង់ ត្រូវ បង្វែទិសដៅទៅកាន់អាមេរិកវិញ ។ លោក Andreas Geisel មន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់បានបញ្ជាក់ថា សកម្មភាពរបស់អាមេរិក មិនខុសអ្វីពីការប្លន់ នោះឡើយ ហើយអាល្លឺម៉ង់ អំពាវនាវដល់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន គោរពទៅតាមច្បាប់ពាណិជ្ជកម្មពិភពលោក ។
មន្ត្រីអាល្លឺម៉ង់បានថ្កោលទោសយ៉ាងខ្លាំង ដល់រដ្ឋាភិបាល របស់លោកដូណាល់ ត្រាំ ដែលបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ទៅលើទីផ្សារផ្គត់ផ្គង់ ពិភពលោក  ហើយពេលនេះអាមេរិកកំពុងបង្កឲ្យមានសង្គ្រាម« ត្រីធំស៊ីត្រីតូច» ក្នុងពេលវិបត្តិជាសកលកំពុងកើតឡើង។
លោកស្រី Pécresse មន្ត្រីជាន់ខ្ពស់បារាំង ក៏បាននិយាយទៅទូរទស្សន៍ BFM TV របស់បារាំងថា «ទម្រាំតែខ្ញុំរកបានទំនិញ ហើយជនជាតិអាមេរិក  បានមកស្ទាក់ឲ្យតម្លៃខ្ពស់ ទិញរបស់ខ្ញុំទៅបាត់។ ពួកគេឲ្យតម្លៃខ្ពស់ជាង ៣ដង ហើយបោះលុយឲ្យផ្ទាល់ដៃ នៅនឹងកន្លែង ធ្វើយ៉ាងណាទើបយើងប្រជែងឈ្នះ ខណៈទំនិញរបស់យើងមកដល់ដៃហើយ ទើប សង់លុយ»។
កន្លងមកថ្មីៗ អាមេរិក ក៏បានដេញថ្លៃ ទិញទំនិញមួយយន្តហោះ ដែលបម្រុងដឹកទៅបារាំង ឲ្យបង្វែទិសដៅទៅអាមេរិកវិញ ដោយឲ្យតម្លៃខ្ពស់ទ្វេដង ហើយបោះលុយឲ្យភ្លាមៗតែម្តង មិនចាំបាច់មើលទំនិញ។
ការធ្វើបែបនេះរបស់អាមេរិក កើតឡើងក្រោយពេលដែល ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា នៅទីក្រុងញូវយ៉កបាននាំគ្នាធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលផ្គត់ផ្គង់ម៉ាស់ឲ្យបានគ្រប់គ្រាន់ ។ ក្រុមគ្រូពេទ្យដែលចូលរួមធ្វើបាតុកម្ម បានលើកឡើងថា« ទាហានជួរមុខនឹងត្រូវគ្រោះថ្នាក់ បើធ្វើសង្គ្រាម ដោយគ្មានអាវុធ គ្មានអាវការពារគ្រាប់នោះ »៕

ដោយ៖ ធីរីណា


ចែករំលែក៖