ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសហ្វីលីពីនបាញ់សម្លាប់ បុរសម្នាក់ ក្រោយបំពានលើ «វិធានការរឹតត្បិត» ប្រឆាំង COVID-19

ចែករំលែក៖

ម៉ានីល៖ តាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន DW នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០នេះថា មានករណីបុរសវ័យ៦៣ឆ្នាំម្នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីគាត់បដិសេធពាក់ម៉ាស និងប្រើហិង្សាលើអាជ្ញាធរ ។ ហើយនេះគឺជាករណីជនស៊ីវិលដំបូងគេបំផុតដែលត្រូវបានបាញ់សម្លាប់ ដោយសារតែបំពានលើវិធានការរឹតត្បិតប្រយុទ្ធប្រឆាំងនឹង COVID-19 របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ។

យោងតាមប៉ូលិសហ្វីលីពីន បុរសម្នាក់ខាងលើត្រូវបានគេជឿជាក់ថាស្រវឹង នៅពេលគំរាមអាជ្ញាធរភូមិ ជាមួយអាវុធនៅក្នុងដៃ នៅឯទីក្រុង Nasipit នៃខេត្ត Agusan del Norte កាលពីថ្ងៃសៅរ៍។ ប៉ូលិស បានគូសបញ្ជាក់ដូច្នេះថា៖ «ជនសង្ស័យទទួលការក្រើនរំលឹកពីបុគ្គលិកសុខាភិបាល ក្នុងភូមិម្នាក់ ដោយសារតែរូបគេមិនព្រម ពាក់ម៉ាស។ ប៉ុន្តែជនសង្ស័យបែរជាខឹងសម្បារយ៉ាងខ្លាំង ហើយប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងប្រើហិង្សាលើអាជ្ញាធរ….»។

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាឱ្យប៉ូលិស និងយោធា បាញ់សម្លាប់អ្នកដែលបំពានវិធានការ ប្រឆាំងនឹង COVID-19, បង្កើតភាពចលាចល និងប្រើប្រាស់ហិង្សាប្រឆាំងអាជ្ញាធរ ក្នុងនោះរួមមានទាំងបុគ្គលិសុខាភិបាលជាដើម។ គិតត្រឹមថ្ងៃសៅរ៍ ម្សិលមិញ ហ្វីលីពីន មានអ្នកឆ្លង COVID-19 ច្រើនជាង ៣,០០០ករណី ក្នុងនោះមាន ១៤៤នាក់បានស្លាប់៕


ចែករំលែក៖