ព័ត៌មានទាន់ហេតុការណ៍៖

ទើបតែបើកលេងជល់មានមិនទាន់បានមួយថ្ងៃផងត្រូវសមត្ថកិច្ចចម្រុះបង្ក្រាប

ចែករំលែក៖

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីលោក សម ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានបញ្ជាដោយផ្ទាល់ពីសំណាក់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ លោករស់ សូភក្តិ អភិបាលរងខណ្ឌ និងលោកវរៈសេនីទោ ម៉ៅ សឿត អធិការនគរបាលខណ្ឌ ដោយក្នុងនោះកម្លាំងចម្រុះបានចុះបង្រ្កាបជាក់ស្តែងទីតាំង បើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅក្នុងដីឡូត៍គ្មានលេខ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោករស់ សូភក្ដិបានឲ្យដឹងថា ចំពោះសម្ភារៈដកហូតវត្ថុតាងរួមមាន៖ រថយន្ត០៥គ្រឿង, ម៉ូតូ១៨គ្រឿង, មាន់ជល់រស់ចំនួន០៣ក្បាល កៅអីជ័រ ១០០ និងស៊ុមសម្រាប់ក្រុងមាន់៥៦។ ចំណែកអ្នកញៀនល្បែងមកលេងជល់មាន់ បានរត់គេចខ្លួន ដោយបាតជើងសព្រាតបាត់អស់គ្មានសល់ មុនពេលសមត្ថកិច្ចចុះ ទៅដល់កន្លែងជល់មាន់ដាក់លុយខាងលើនោះ។
សូមបញ្ជាក់ថា ទីតាំងខាងលើនេះ ទើបរៀបចំបើកដំណើរការ ឲ្យគេមកលេងជល់មាន់នៅព្រឹកមិញ ពោលគឺបើកភ្លាម កម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌច្បារអំពៅ ចុះបង្រ្កាបភ្លាមក្នុងន័យលុបបំបាត់រាល់បនល្បែងស៊ីសងខុសច្បាប់ផងដែរ ហើយរាល់សកម្មភាពរបស់កម្លាំងសមត្ថកិច្ច អាជ្ញាធរខណ្ឌច្បារអំពៅ ចុះបង្រ្កាបបនល្បែងស៊ីសងជល់មាន់ ដាក់លុយខាងលើនេះ ធ្វើឲ្យមហាជនទូទៅគាត់ មានការគាំទ្រជាខ្លាំង ខណៈកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌច្បារអំពៅ ប្រើកណ្ដាប់ដៃដែក ចុះបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ៕ដោយ៖ សណ្តោស


ចែករំលែក៖