ខេត្តកំពង់ស្ពឺ៖ ដោយមើលឃើញនូវការខ្វះខាត ទន្ទឹមនឹងជំងឺកូវីដ-១៩រីករាដាលជាសកលផងនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយជូនដល់សមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ ស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ តាមរយៈលោកស្រី ហ៊ុន ម៉ាណា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនរួមមាន៖
អង្កចំនួន៣តោន, សម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនធំ, ត្រីខ៥កេស, នំធុង៥កេស, មុង៥០, ភួយ៥០, ខ្នើយ៥០, ទឹកសុទ្ធអារ៉ូណា៥០កេស, កន្សែង៥០, ខ្ទះ៣, វែក៣, ឆ្នាំង៣ កាធុន៥, ចានបាយ៥០, ចានសម្លរ៥០, សាប៊ូដុសខ្លួន១០ដុំធំ, ទឹកត្រី៣យួរ, ទឹកសុីអុីវ៣យួរ, មីជាតិ៣កេសធំ និងសម្ភារសិក្សាសម្រាប់ក្មួយៗសិស្សានុសិស្ស ក្នុងនោះផងដែរលោកស្រី ហ៊ុន ម៉ាណា បានផ្តល់ជូនដល់បុគ្គលិកសមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ ចំនួន ១៥នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន ៤០មុឺនរៀល និងឃីតមួយកញ្ចប់ ជាពិសេសលោកស្រី ហ៊ុន ម៉ាណា បានឧបត្ថម្ភប្រាក់ដល់សមាគមចំនួន ០៣ខែ ក្នុងខែ ១,៥០០ដុល្លារ ផ្តល់ជូនសរុបចំនួន ៤,៥០០ដុល្លារអាមេរិក។
សូមបញ្ជាក់ថា: សមាគមនេះ គឺជាកន្លែងជួយសង្គ្រោះកុមារកំព្រាក្រីក្របំផុត ដែលមានចំនួន ៥០នាក់ ដើម្បីឱ្យមានលទ្ធភាពក្នុងការសិក្សា និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់ពួកគេ។ អំណោយរបស់សម្តេចទាំងទ្វេនេះ អាចដោះស្រាយនូវបញ្ហាមួយចំនួនធំ និងបានជួយឱ្យសមាគមបន្តការងារបានដោយរលូនក្នុងការចិញ្ចឹមគ្រប់គ្រងកុមារកំព្រាទាំងអស់ជាបន្តបន្ទាប់។
ប្រធានសមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ លោក នៅ សារ៉ាត់ តំណាងឱ្យសមាគម បានសម្តែងក្តីរីករាយជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបានឡើយ និងបានថ្លែងអំណរគុណចំពោះសម្តេចទាំងទ្វេ ដែលតែងតែគិតគូអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងសូមជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន និងមានសុខសន្តិភាពយូរអង្វែងបន្តបន្ទាប់ទៅមុខទៀត៕ដោយ៖ សុខ ខេមរា