ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅបន្តណែនាំញឹកញាប់ សូមបងប្អូនប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ។
សម្តេចបន្តថា៖ ទន្ទឹមនឹងនេះដែរ សូមក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រចាំនៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវម៉ាស ឬក្រមា, ទឹកអាកុល, ចឹលសម្លាប់មេរោគ (Hand Sanitizer) អង្ករ, មី, ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមមូលដ្ឋានទូទាំងប្រទេស។
សម្តេចគូសបញ្ជាក់ទៀតថា៖ កុំចាំហៅពួកគាត់អោយមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅពេលនេះ។ អរគុណមន្រ្តីនៃរាជរដ្ឋាភិបាល សមាជិកសភា និងសមាជិកព្រឹទ្ឋសភា ដែលបានលះបង់ប្រាក់បៀវត្សរ៍ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីឌ-១៩។
ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមបងប្អូនប្រជាពលរដ្ឋសហការជាមួយមន្ទីរសុខាភិបាល។ ក្នុងករណីមានការសង្ស័យ ហើយត្រូវការពិភាក្សាប្រឹក្សាយោបល់ សូមខលមកលេខ ១១៥ ជាបន្ទាន់៕ដោយ៖ សុខ ខេមរា