ព័ត៌មានទាន់ហេតុការណ៍៖

រួចខ្លួន ឬ ជាប់ឃុំ រង់ចាំតាមដានបន្តទៀត ? មន្ត្រីសាធារណការ ដែលចងស្ត្រីមានផ្ទៃពោះ៤ខែ បានចូលខ្លួនសារភាព នៅព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះ មន្ត្រីសាធារណការ ឈ្មោះ អ៊ូ ប៊ុនធី ដែលចងស្ត្រីមានផ្ទៃពោះ៤ខែ បានចូលខ្លួនសារភាពនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ។ ពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរលើជនសង្ស័យ ។ នេះបើតាមការបញ្ជាក់របស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ។

សូមបញ្ជាក់ថា វីដេអូដែលត្រូវបានបង្ហោះចែកចាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើអោយមហាជនមានការខឹងសម្បារយ៉ាងខ្លាំង ខណៈឃើញបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីសាធារណការ បានចាប់ចងស្ត្រីម្នាក់មានផ្ទៃពោះ៤ខែ ជាប់នឹងទ្វារ ហើយស្រែកខ្លាំងៗ ថា “ចង់ប្តឹងទៅណាប្តឹងចុះ” ដែលជាសកម្មភាពមួយបង្ហាញពីភាពព្រហើនយ៉ាងខ្លាំង ។

សកម្មភាពល្មើសដ៏គឃ្លើន នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រឡេកមើលសកម្មភាពល្មើស គឺ បានកើតឡើងនៅវេលារសៀលម៉ោង១ ប៉ុណ្ណោះ គប្បីសមត្ថកិច្ចអាចចុះអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់បានភ្លាមៗ មិនគួរណាបណ្តែតបណ្តោយអោយជនដៃដល់ រត់គេចខ្លួនបែបនេះសោះ ដែលប្រជាពលរដ្ឋបានរិះគន់ពីសមត្ថភាពរបស់លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ។

ទន្ទឹមនេះ ក្រោយមានការផ្ទុះរឿងកាន់តែខ្លាំងក្លាឡើង គេឃើញលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បង្ហោះសារមួយអោយត្រូវចិត្តប្រជាពលរដ្ឋ ដោយលោកនិយាយថា “ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នឹងជម្រុញអោយសមត្ថកិច្ចកិច្ចទាំងអស់តាមចាប់ជនបង្កហេតុម្នាក់នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់”។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១រសៀល មុនពេលកើតហេតុ ជនរងគ្រោះបានទៅរើឥវ៉ាន់របស់បងស្រី ឈ្មោះ ស្រីម៉ៅ ដែលបានជួលបន្ទប់លេខ A4 ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ពេលជនរងគ្រោះទៅដល់បានរើឥវ៉ាន់ដាក់លើកង់បី ដើម្បីយកមកបន្ទប់ជួលថ្មី នៅក្បែរបន្ទប់ជួលចាស់ ស្របពេលនោះ ម្ចាស់ផ្ទះចាស់បានមករករឿង រហូតមានទំនាស់ពាក្យសម្តី ដោយយកក្រមាចាំចងជនរងគ្រោះជាប់នឹងទ្វារតែម្តង ។ បច្ចុប្បន្ន ស្ត្រីរងគ្រោះកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យ សម្ភព សុវណ្ណារ៉ា ។

មជ្ឈដ្ឋានមួយចំនួន សង្កេតឃើញថា ចាប់តាំងពីលោកវរសេនីយ៍ទោ ម៉ន វុធី ឡើងជាអធិការនគរបាលខណ្ឌពោធិ៍សែន ជំនួសលោក យឹម សារ៉ាន់ មក គឺ បទល្មើសបានកើតឡើងជាបន្តបន្ទាប់ ពិសេសបញ្ហាបទល្មើសចរាចរណ៍ ដែលថ្មីៗនេះ ប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានផាកពិន័យបុរសម្នាក់ដែលជិះម៉ូតូបើកភ្លើងពេលថ្ងៃ ចំនួន២៥,០០០រៀល និង ទុកម៉ូតូគេ១យប់ ពិន័យថែម៣៥,០០០រៀលទៀត ដែលនាំអោយមហាជនរិះគន់យ៉ាងខ្លាំងក្លា ។

ទន្ទឹមនេះ មហាជនក៏បានសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសកម្មភាពការងាររបស់លោកវរសេនីយ៍ទោ ម៉ន វុធី ឡើងជាអធិការនគរបាលខណ្ឌពោធិ៍សែន ផង ៕ ចេស្ដា


ចែករំលែក៖