ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញដកហូត អាល់កុលក្លែងក្លាយ និងជែលលាងដៃ មិនមានលិខិតអនុញ្ញាតទម្ងន់សរុបចំនួន ៣តោន

ចែករំលែក៖

ភ្នំពេញ៖ អាល់កុលក្លែងក្លាយ (មេតាណុល) និងជែលលាងដៃ រួមទាំងសម្ភារផ្សេងទៀតដែលមិនមានលិខិតអនុញ្ញាត ទម្ងន់សរុបចំនួន ៣តោន ត្រូវបានមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម និងព្រះរាជអាជ្ញារងរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ១៤កើតខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ គុណភាពអាល់កុលនិង អង្កេតតម្លៃលក់ម៉ាស់ និងស្វែងរកឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ–១៩ នៅតាមបណ្តាឱសថស្ថានមួយចំនួន ស្ថិតនៅក្នុងរាជធានីភ្នំពេញ  ។

មន្រ្តីជំនាញ បានឲ្យដឹងថា គោលបំណងនៃការចុះប្រតិបត្តិការ គឺដោយសង្កេតឃើញថាក្នុងពេលថ្មីៗ នេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ ឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ–១៩ និងគ្មានប្រភពផលិតច្បាស់លាស់ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 ។

ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) និងជែលលាងដៃ រួមទាំងសម្ភារ:ផ្សេងទៀតដែលមិនមានលិខិតអនុញ្ញាត ទម្ងន់សរុបចំនួន ៣ តោន ។បន្ទាប់មក មន្រ្តីសាខាក.ប.ប បានធ្វើកំណត់ហេតុ និងដកហូតអាកុលក្លែងក្លាយទាំងនោះមករក្សាទុក ដើម្បីអនុវត្តនីតិវិធីបន្ត ។

ក្នុងឱកាសនោះដែរ មន្រ្តីជំនាញបានសំណូមពរ ដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស់ និងអាកុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុនិងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញានិងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត ៕ដោយ៖ស តារា


ចែករំលែក៖