ព័ត៌មានទាន់ហេតុការណ៍៖

លោក ស្រី ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន ០៣ខ្នងជូនទុរគតជន ចាស់ជរាគ្មានទីពឹង នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០៣ខ្នងបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ ពិធីនេះក៏មានការចូលរួមពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងក្រុមការងារ។
នៅក្នុងពិធីប្រគល់ផ្ទះទេវតានេះដែរ លោកស្រី ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ក្នុងឱកាសនោះផងដែរ លោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍ឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ពីសុខភាព ជាពិសេសអនុវត្តការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ផងដែរ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងតែរាតក្បាតក្នុងប្រទេសកម្ពុជាយើង។
១.ផ្ទះលេខ២៧៥ ប្រគល់ជូនអ្នកមីង សុខ ម៉ាប់ អាយុ៥៥ឆ្នាំ រស់នៅភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
២.ផ្ទះលេខ២៧៤ ប្រគល់ជូនលោក ជាម សាលី អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
៣.ផ្ទះលេខ២៧៣ ប្រគល់ជូនអ្នកមីង វា សុីថា រស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
ចំពោះលោកពូ អ្នកមីង ដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។ ជាមួយកម្មវិធីសប្បាយរីករាយយ៉ាងក្រៃលែង​នេះដែរ លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ អំណោយរួមមាន៖ សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ និងថវិកាមួយចំនួន។
ដោយឡែកប្រជាពលរដ្ឋដែលកំពុងជួបជីវភាពខ្វះខាតខ្លាំងចំនួន១គ្រួសារទៀត ឈ្មោះ ម៉ម ស៊ាន់ អាយុ៧១ ឆ្នាំរស់នៅភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ក៏បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ អំណោយរួមមាន៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មី៥កេស, ទឹកដោះគោខាប់១កេស, ពូក ខ្នើយ មុង កន្ទេល, ប្រេងកូឡា ប្រេងខ្យល់, ចានដែក ឆ្នាំងតូច-ធំ, វែកបាយ វែកសម្ល វែកឆា ស្លាបព្រា សម, កំសៀវ ចានបាយ ចានសម្ល, តែ១គីឡូក្រាម, ស្ករស៥គីឡូក្រាម, ទឹកសុីអុីវ៣យួរ, វិទ្យុ១គ្រឿង, សំលៀកបំពាក់, ថ្នាំពេទ្យ និងថវិកាចំនួន ៥០មុឺនរៀល៕សុខខេមរា


ចែករំលែក៖