វៀតណាម៖ យោងតាមសារព័ត៌មាន វៀតណាម (Kinhte&Dothi)នៅថ្ងៃទី៨ ខែមេសា បានផ្សាយថា វៀតណាមបានផ្តល់ជំនួយសម្លៀកបំពាក់ការពារដល់ក្រុមគ្រូពេទ្យជួរមុខអាមេរិក នៅក្នុងសង្គ្រាមប្រឆាំងកូវីដ១៩។ ជំនួយខាងលើបានបង្ហាញពីទំនាក់ទំនងល្អរវាង អាមេរិកនិងវៀតណាម ។
អគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម បានធ្វើការរួមគ្នាដើម្បីផ្តល់លក្ខណៈងាយស្រួលទាំងការដឹកជញ្ជូនក៏ដូចជាការទទួលជំនួយ។ នេះជាជំនួយលើកទីមួយ ក្នុងចំណោម ២លើកដែលវៀតណាម នឹងត្រូវបញ្ជូនទៅជួយអាមេរិក។ នៅក្នុងលើកនេះមានសម្លៀកបំពាក់ Dupont ៤៥០ពាន់កំប្លេរ ផលិតនៅប្រទេសវៀតណាម។ទំនិញទាំងនោះ បានចាកចេញពីទីក្រុងហាណូយទៅកាន់អាមេរិកហើយកាលពីថ្ងៃទី ៧ខែមេសា។
អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាមលោក Dan Kritenbrink បានបញ្ជាក់ថា ក្នុងរយៈពេល ២០ឆ្នាំ កន្លងមកអាមេរិកបានវិនិយោគ ជាទឹកប្រាក់ជាង៧០៦លានដុល្លារទៅលើវិស័យសុខាភិបាលនៅវៀតណាមនិងជួយដល់ប្រទេសនេះប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ។
ពាក់ព័ន្ធជំនួយខាងលើរបស់វៀតណាមនាពេលនេះ ពិតជាសំខាន់បំផុតសម្រាប់អាមេរិក ពិសេសគឺគ្រូពេទ្យជួរមុខ ក្នុងការប្រឆាំងកូវីដឥ១៩ ។ អាមេរិក ប្រឈមនឹងកង្វះបរិក្ខាពេទ្យយ៉ាងខ្លាំង ខណៈអ្នកឆ្លងនិងអ្នកស្លាបកើនឡើងខ្ពស់ ក្នុងមួយថ្ងៃៗ៕ ធីរីណា