ខេត្តកណ្តាល៖ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយលោកស្នងការនគរបាលខេត្ត និងក្រុមការងារ បានអញ្ជើញចុះពិនិត្យផ្ទះរបស់ប្រជាពលរដ្ឋ ៤៩ខ្នង នៅស្រុកអង្គស្នួល ដែលរងនូវការខូចខាតពីការបំផ្ទុះគ្រាប់បំបែកយកថ្ម ពីក្រុមឈ្មួញ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកស្នងការ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីជំនាញ និង អាជ្ញាធរពាក់ព័ន្ធ ចុះសួរសុខទុក្ខ និង ពិនិត្យមើលផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ នៅភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ដែលទទួលរងនូវការខូចខាតដោយសារការបំផ្ទុះគ្រាប់ បំបែកយកថ្ម ពីភ្នំត្មាតពង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋរងគ្រោះទាំង ៤៩គ្រួសារថា រដ្ឋបាលខេត្ត មានការសោកស្តាយនូវការបំផ្ទុះយកថ្ម បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នឹងជួយរកដំណោះស្រាយសម្របសម្រួលជាមួយខាងភាគីក្រុមហ៊ុន ដើម្បីធ្វើការដោះស្រាយសំណង ដោយការជួសជុលជូនប្រជាពលរដ្ឋទាំងអស់ឡើងវិញ ។ ក្នុងឱកាសនោះដែរ លោកអភិបាល បានឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំង ៤៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវថវិកាចំនួន ១០០ដុល្លារអាម៉េរិក។
ប្រជាពលរដ្ឋទាំង ៤៩គ្រួសារបានសំណូមពរដល់ លោកអភិបាលខេត្ត ឱ្យជួយរកវិធីណាដើម្បីកុំឱ្យក្រុមហ៊ុន បំផ្ទុះថ្ម ប៉ះពាល់ដល់ភូមិឋានរបស់ពួកគាត់ទៀត នេះសំណាងណាស់ប៉ះដំបូលផ្ទះ បើប៉ះចំមនុស្សវិញ វានឹងមានបញ្ហាអ្វីកើតឡើងចំពោះពួកគាត់។
ការទទួលយកនូវការជួសជុល ពីខាងក្រុមហ៊ុន គ្រាន់តែជាសំណងនៃការខូចខាតលំនៅដ្ឋានតែប៉ុណ្ណោះ ប៉ុន្តែអ្វីជាការព្រួយបារម្ភ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ គឺមានហានីភ័យខ្ពស់ពីសកម្មភាពការធ្វើអាជីវកម្មបំផ្ទុះគ្រាប់បំបែកយកថ្ម របស់ក្រុមហ៊ុន គួរអោយក្រុមហ៊ុនមានការទទួល អនុវត្តតាមច្បាប់កំណត់ ធ្វើតាមបទដ្ឋានបច្ចេកទេស មិនត្រូវដាក់បំផ្ទុះតាមអំពើចិត្តទេ៕
ដោយ៖ សហការី