ខេត្តកណ្តាល៖ ចៅក្រមស៉ើបសួរ សាលាដំបូងខេត្តកណ្តាល លោក អាត ច័ន្ទដារា នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនជាប់ចោទ ហុឹម សុខហឿន អាយុ៣៨ឆ្នាំ បន្ទាប់ពីតំណាងអយ្យការធ្វើការចោទប្រកាន់ពីបទ នាំចូលដោយចេតនានូវផលិតផលសត្វខូចគុណភាព ឬបង្កគ្រោះថ្នាក់សុខភាពមនុស្ស ប្រព្រឹត្តនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ១១៥ ចំណុចទី៥ នៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។
សូមបញ្ជាក់ថា៖ ពោះវៀនជ្រូក គោ គ្រឿងក្នុងសត្វស្អុយៗ ត្រូវបានមជ្ឈដ្ឋានប្រជាជនទូទៅរិៈគន់ថា៖ កោតតែឈ្មួញ ហុឹម សុខហឿន លួចនាំចូលមកចែកចាយលើទីផ្សារ ដោយគ្មានគិតពីផលប៉ៈពាល់ដល់ជីវិតមនុស្ស។ និងគាទ្រចំពោះចំណាត់ការលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បង្ក្រាបចាប់ក្នុងបទល្មើសជាក់ស្តែង ការពារដល់សុខមាលភាពប្រជាជន និងមានឆន្ទៈមិនទទួលយកការអន្តរាគមន៍អោយដោះលែង ទោះក្នុងតំលៃណាក៏ដោយ។
សូមជម្រាបថា៖ ឈ្មួញ ឈ្មោះ ហុឹម សុខហឿន លួចនាំពោះវៀនជ្រូក គោ គ្រឿងក្នុងសត្វស្អុយៗ ចម្លងមេរោគ ប្រមាណ៥តោន ក្នុងចេតនាទុច្ចរិតប្រើសារធាតុគីមី ដើម្បីចែកចាយតាមទីផ្សារ ហើយគាត់ដឹងខ្លួនឯងច្បាស់ថា ជាអំពើល្មើសច្បាប់ បែជាថ្លើមធំ ហ៊ានចេញមុខមករកសុី និងព្រហើនហ៊ានមករារាំង សំឡុត សមត្ថកិច្ចចម្រុៈអោយដកខ្លួន និងអៈអាងថាខ្លួនអោយអ្នកធំទូរស័ព្ទមកអន្តរាគមន៍ហើយ ហេតុអីក៏កម្លាំងមិនព្រមដកថយវិញ..? ទីបំផុតជនទំនើងខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថា៖ ពោះវៀនជ្រូក ខូចគុណភាព ប្រមាណ ៥ តោន ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.) រកឃើញ និងឃាត់ទុក បណ្តោះអាសន្ន នៅខេត្តកណ្តាល នាថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការចូលរួមដោយអភិបាលរងខេត្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត មន្រ្តីនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច មន្រ្តីសាខាគយ និងរដ្ឋាករ មន្រ្តីបសុព្យាបាល អាជ្ញាធរដែនដី និងអធិការស្រុក បានចុះត្រួតពិនិត្យ ផលិតផលពោះវៀនជ្រូក មានទម្ងន់ ៥តោន ដែលផ្ទុកក្នុងកុងទឺណ័រចំនួន ០២ ស្តុកទុកក្នុងឃ្លាំងគ្មានលេខ ដែលស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានបន្តថា៖ ការត្រួតពិនិត្យ ត្រូវបានគាំទ្រដោយរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋានក.ប.ប. ផងដែល។ ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានរកឃើញថា ទំនិញពុំមានឯកសារបញ្ជាក់ និងមានសភាពស្អុយ មានចម្លងមេរោគ ដោយសារការវេចខ្ចប់ និងទុកដាក់ពុំត្រឹមត្រូវតាមគោលការបច្ចេកទេស។ ដោយសង្កេតឃេីញថា ផលិតផលទាំងនេះបានខូចគុណភាពពុំអាចយកមកប្រេីប្រាស់ជាម្ហូបអាហារសម្រាប់បរិភោគបាន សមត្ថកិច្ចចម្រុះបានសម្រេចឃាត់ទុកទំនិញទាំងនេះ ជាបណ្តោះអាសន្ននៅឃ្លាំងខាងលើ ដើម្បីបំពេញបែបបទយកទៅកំទេចចោលតាមនីតិវិធី។ ចំណែកម្ចាស់ទំនិញត្រូវបាននាំខ្លួនទៅសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ក្រោយពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ពិនិត្យឃើញថា៖ ការនាំចូលអត់ឯកសារ ជាពោះវៀនជ្រូក គ្រឿងក្នុងសត្វ សុទ្ធតែស្អុយ ចម្លងមេរោគ នោះ តើវាសនា ឈ្មួញ ហុឹម សុខហឿន ដ៏ទំនើងនោះ អាចរួចខ្លួនទេ បើមានអ្នកអន្តរាគមន៍ ..!
ដោយឡែកលោកឧត្តមសេនីត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអៈអាងថា៖ លោកថាទទួលយកមិនបានទេ ការអន្តរាគមន៍ក្នុងតម្លៃណាក៏ដោយ ចំពោះការនាំចូលពោះវៀនជ្រូក គោ គ្រឿងក្នុងសត្វស្អុយៗ មកចែកចាយលក់ ខណៈប៉ៈពាល់ដល់សុខភាពប្រជាជននោះ។
ទីបំផុត ចៅក្រមស៉ើបសួរ សាលាដំបូង លោក អាត ច័ន្ទដារា នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនជាប់ចោទ ហុឹម សុខហឿន អាយុ៣៨ឆ្នាំ បន្ទាប់ពីតំណាងអយ្យការធ្វើការចោទប្រកាន់ពីបទ នាំចូលដោយចេតនានូវផលិតផលសត្វខូចគុណភាព ឬបង្កគ្រោះថ្នាក់សុខភាពមនុស្ស ៕
ដោយ៖សុខខេមរា