ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីព្រាងច្បាប់(ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន) ត្រូវបានរដ្ឋសភាអនុម័ត

ចែករំលែក៖

ភ្នំពេញ៖ ក្នុងសេចក្តីព្រាងច្បាប់ ត្រង់មាត្រា៤ ជំពូកទី៣ បានកំណត់ថា នៅពេលប្រទេសជាតិ ត្រូវបានប្រកាសដាក់ស្ថិតនៅក្នុងភាពអាសន្ន រាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានដូចខាងក្រោម៖

១៖ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។
២៖ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។
៣៖ ហាមឃាត់ ឬ កម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ។
៤៖ ហាមឃាត់ ឬ កម្រិតមិនឱ្យបុគ្គលចេញពីលំនៅឋាន ឬ ទីសំណាក់ណាមួយ។
៥៖ ដាក់ចេញវិធានការចត្តាឡីស័ក ឬ ការដាក់ឱ្យនៅដោយឡែកក្នុងករណីគ្រោះអាសន្នបន្ទាន់ ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។
៦៖ ដាក់ចេញវិធានការទាក់ទងនឹងកំណែន និងជម្លៀសពលរដ្ឋ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៧៖ ដាក់ចេញវិធានការទាក់ទងនឹងកំណែន ដកហូត គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ និងសេវា ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ នីតិវិធីនៃការធ្វើកំណែន និងសំណងត្រូវកំណត់ដោយរាជរដ្ឋាភិបាល។
៨៖ ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៩៖ ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
១០៖ ដាក់ចេញនូវវិធានការឃ្លាំមើល និងតាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ក្នុងគោលបំណងឆ្លើយតបចំពោះភាពអាសន្ន។
១១៖ ហាមឃាត់ ឬ ការកម្រិតការចែកចាយ ឬ ការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានការភ័យខ្លាចដល់សាធារណជន ឬ ចលាចល ឬ ដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬ ធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពនៃភាពអាសន្ន។
១២៖ ដាក់ចេញវិធានការដទៃទៀតដែលសមស្រប និងចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន៕ សុខខេមរា


ចែករំលែក៖