ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រី ស្នងការរង បាននិមន្តព្រះសង្ឃសូត្រមន្ត លេីករាសីតាមប្រពៃណីទំនៀមទំលាប់បែបព្រះពុទ្ធសាសនា ដេីម្បីបណ្តេញនូវឧបទ្រុបចង្រៃ នៅឆ្នាំចាស់ និងទទួលយកអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ គ.ស ២០២០ ដែលនឹងចូលមកដល់នាពេលខាងមុខ។
ពិធីនេះ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានថ្លែងនូវសាទរ ក្នុងមនោសញ្ចេតនាប្រកបដោយសេចក្តី ស្រឡាញ់ជ្រាលជ្រៅ ដល់នាយ នាយរង និងពលនគរបាលជាតិទាំងអស់ក្រោមឱវាទ និងសូមជូនប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ បានប្រកបដោយ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ជន្មាយុ យឺនយូរ ដើម្បីសម្រេចបាននូវ ជោគជ័យថ្មីៗថែមទៀតជូនជាតិ និងប្រជាជន ពិសេសក្នុងបេសកកម្ម រួមចំណែកដឹកនាំប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា។
លោកបន្តថា៖ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះផងដែរ សូមលើកហត្ថបួងសួង ដល់វត្ថុស័ក្តសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាឆ្នាំថ្មី ឆ្នាំជូត ព្រះនាមគោរាគទេវី ជាបុត្រទី២ នៃកបិលមហាព្រហ្ម សូមជួយតាមថែរក្សា អោយជួបតែពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ សុខខេមរា