ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបន្តចុះធ្វើការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាព ផឹកស៊ី ចាក់ធុងបាស់ បង្កសំឡេងរំខានដល់អ្នកជិតខាង

ចែករំលែក៖

ភ្នំពេញ៖ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចថា មានករណីពលរដ្ឋមួយចំនួនដែលតែងតែ ផឹកស៊ី ចាក់ធុងបាស់ បង្កសំឡេងរំខានដល់អ្នកជិតខាង ភ្លាមនោះកម្លាំងជំនាញតាមបណ្តាខណ្ឌ សហការជាមួយប៉ុស្តិ៍ បានចុះដល់គោលដៅភ្លាមៗ ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពទាំងអស់នោះ ។

យោងតាមប្រភពព័ត៍មានពីមន្រ្តីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគោរពតាមការណែនាំជាប្រចាំរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវធ្វើយ៉ាងណាផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស ២៤ម៉ោងលើ ២៤ម៉ោង ជាពិសេសត្រូវធ្វើឲ្យប្រជាពលរដ្ឋបានសប្បាយចិត្ត ។

ដូច្នេះនគរបាលរាជធានីភ្នំពេញ តែងតែតាមដានរាល់ការផ្តល់ព័ត៍មានរបស់ប្រជាពលរដ្ឋទាំងថ្ងៃ ទាំងយប់ ដើម្បីឆ្លើយតប និងដោះស្រាយរាល់បញ្ហា ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ដោយធ្វើការសហការបានយ៉ាងល្អ និងឆាប់រហ័ស ជាមួយអធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ក្នុងរាជធានីភ្នំពេញ ។

មន្រ្តីដដែលបន្តថា កម្លាំងជំនាញនឹងបន្តធ្វើការបង្ក្រាប ណែនាំ អប់រំ បញ្ឈប់ភ្លាមៗ រាល់សកម្មភាពក្រុមអ្នកផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា តែងតែរំខានដល់ការសម្រាករបស់អ្នកជិតខាង និងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយការជួបជុំមនុស្សច្រើន ផឹកស៊ី ដែលអាចឲ្យមានការឆ្លងជំងឺវីរុសកូវីដ១៩ ៕សហការី


ចែករំលែក៖