ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងមួកខៀវកម្ពុជាផ្អាកការប្តូរវេនសម្រាប់បេសកកម្ម អង្គការសហប្រជាជាតិ (អ.ស.ប)

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរងកងទ័ពមួកខៀវកម្ពុជា បានប្រកាសពីការផ្អាកផ្លាស់ប្តូរកងកម្លាំងជាលក្ខណៈប្តូរវេនដែលតែងដំណើរការធ្វើឡើងជាប្រចាំតាមផែនការសម្រេចរបស់អង្គការសហប្រជាជាតិជារៀងរាល់មួយឆ្នាំម្តង នោះចាប់ពីពេលបច្ចុប្បន្ននេះរហូតដល់មានបទបញ្ជាថ្មីពី អ.ស.ប។
លោកស្រីឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គនាយក​រង និងជាអ្នកនាំពាក្យ​មជ្ឈមណ្ឌលជាតិ​រក្សាសន្តិភាព បានថ្លែងបញ្ជាក់ថា៖ កង​ទ័ព​មួក​ខៀវ​កម្ពុជា​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​ណែ​នាំ​ឲ្យ​បង្កា និង​ការពារ​ពី​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ​-១៩​។ ប្រឈម​នឹង​ជំងឺ​កូវីដ​-១៩​នេះ​ដែរ កង​ទ័ព​មួក​ខៀវ​របស់​កម្ពុជា ក៏​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ផ្អាក​ការ​ផ្លាស់​ប្តូរ​វេនគ្នា​ជា​បណ្តោះ​អាសន្ន រហូត​ដល់​ចុង​ខែ​មិថុនា ទើប​មាន​ការ​សម្រេច​ជា​ថ្មី​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែមពី​លោកស្រី ​នាពេលថ្មីៗនេះ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្ន​នេះ កង​ទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​៧៨៧​នាក់ ក្នុង​នោះ​រួម​មាន​ស្ត្រី​ចំនួន​៧៦​នាក់បាននិង កំពុង​បំពេញ​បេសកកម្ម​ក្រោម​ឆត្រ​របស់ អង្គ​ការ​សហ​ប្រជា​ជាតិនៅតាមតំបន់បេសកកម្មនានារួមមាន៖ សាធារណរដ្ឋស៊ូដង់ ,សាធារណរដ្ឋស៊ូដង់ខាង​ត្បូង ,លីបង់ ,អាហ្រ្វិក​កណ្តាល ,ម៉ាលី​និង​នៅ​ប្រទេស​យ៉េមែន​។
បើ​តាម​ការបញ្ជាក់ពីសំណាក់លោកស្រីឧត្តម​សេនីយ៍​ទោ កុសល ម៉ាលីដាបានឲ្យដឹងថា៖ រហូត​មក​ដល់​ពេល​នេះ កង​ទ័ព​មួក​ខៀវ​កម្ពុជា​នៅ​មិន​ទាន់​មាន​សេចក្តី​រាយ​ការណ៍​ពាក់ព័ន្ធទៅនឹងការឆ្លង​ជំងឺ​កូវីដ​-១៩នៅ​ឡើយ​ទេ​៕សហការី


ចែករំលែក៖