ខេត្តស្វាយរៀង ៖ បុរសម្នាក់បានឲ្យម្ដាយក្មេកដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចខណះបាត់ប្រពន្ធដែលជាកម្មការនីធ្វើការនៅក្នុងរោងចក្រមិនឃើញត្រឡប់ទៅផ្ទះវិញ ដោយសង្ស័យថាមានគេល្បួងចាប់ពង្រាត់។
បើតាមសមត្ថកិច្ចនគបាលប៉ុស្ដិ៍រដ្ឋបាលឃុំពពែតបានឲ្យដឹងថា កាលពីថ្ងៃទី១០ មេសា ២០២០វេលាម៉ោង៤ និង២៥នាទីរសៀល មានឈ្មោះ កើត សាវី ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភួមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បានមកប្តឹង និងរាយការណ៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែតថា កូនរបស់គាត់ឈ្មោះ សុំ សាមាន ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើបានបាត់ខ្លួន មិនដឹងបាត់ទៅណាបាត់មួយយប់១ថ្ងៃហើយ គឺបាត់ពីកន្លែងទៅធ្វើការក្នុងរោងចក្រនៅក្រុងបាវិត ។
ប្រភពដ៏ដែលបន្តទៀតថា មុនពេលបាត់ខ្លួន គឺនៅថ្ងៃទី៩ មេសា ២០២០ នៅវេលាម៉ោង៦ និង១៥នាទីព្រឹក ប្តីនាងបានជិះម៉ូតូដឹកគ្នាពីរនាក់ប្តីប្រពន្ធទៅធ្វើការរោងចក្រក្រុងបាវិត រហូតដល់ល្ងាចវេលាម៉ោង០៤រសៀល ពេលកម្មករកម្មការនីចេញពីធ្វើការ ប្តីបានតេទូរស័ព្ទទៅរកប្រពន្ធដើម្បីមកជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏ប៉ុន្តែតេទូរស័ព្ទមិនចូល ហើយប្តីបានដើរទៅរកប្រពន្ធកន្លែងធ្វើការនៅតែរកមិនឃើញ ក៏ជិះម៉ូតូទៅរកប្រពន្ធក្រែងត្រឡប់ទៅផ្ទះមុន ពេលទៅដល់ផ្ទះក៏មិនឃើញរហូតដល់ថ្ងៃទី១០ មេសា ២០២០ វេលាម៉ោង៤រសៀល នៅតែរកមិនឃើញទើបស្ត្រីជាម្តាយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីជួយអន្តរាគមន៍ស្វែងរក ។
បើតាមបុរសជាប្តីឈ្មោះ ជេត ស៊ីណា អាយុ៣២ឆ្នាំ បានឲ្យដឹងថា ប្តីប្រពន្ធគាត់ចាប់តាំងពីរៀបការមកមានកូនប្រុសម្នាក់ អាយុ១០ឆ្នាំជាចំណងដៃមិនដែលឈ្លោះប្រកែកគ្នា ឬល្អក់ក៏ករ និងគ្នាទេ ។
នៅថ្ងៃមុនកើតហេតុព្រឹកថ្ងៃទី៩ មេសា ប្តីបានឌុបប្រពន្ធឈ្មោះ សុំ សាមាន ទៅធ្វើការរោងចក្រក្រុងបាវិត គឺធ្វើការក្នុងរោងចក្រជាមួយគ្នាក៏ប៉ុន្តែផ្នែកខុសគ្នា ហើយមុនចូលធ្វើការ គឺ២នាក់ប្តីប្រពន្ធបានចូលបើកប្រាក់ខែទាំង២នាក់ប្ដីប្រពន្ធបានប្រាក់៤២០ដុល្លារ ប្រពន្ធគាត់ក៏ឲ្យប្តី១០ដុល្លារសម្រាប់ចាយ ហើយក៏ចូលទៅធ្វើការរៀងៗខ្លួន រហូតដល់ម៉ោង៤រសៀល ពេលចេញពីធ្វើការ ស្រាប់តែមិនឃើញចេញមកវិញក៏ទូរស័ព្ទរក តែខលមិនចូល គិតថាទំនងជាប្រពន្ធអស់ថ្មទូរស័ព្ទទើបខលមិនចូល ក៏ដើររកកន្លែងធ្វើការក៏មិនឃើញ ទើបល្ងាចក៏ជិះម៉ូតូត្រឡប់ទៅផ្ទះក្រែងប្រពន្ធបាត់មិនឃើញប្តីត្រឡប់ទៅផ្ទះមុន ពេលទៅដល់ផ្ទះមិនឃើញក៏ព្យាយាមដើររក តែមិនហ៊ានប្តឹងសមត្ថកិច្ចភ្លាមទេ លុះបាត់គ្រប់២៤ម៉ោងទើបម្ដាយក្មេកទៅប្តឹង ។
ប្រភពបន្តទៀតថា ប្រពន្ធគាត់មានប្រាក់ជាប់ខ្លួនចំនួន៤១០ដុល្លារ ខ្សែកផ្លាកទីន១ខ្សែ ទម្ងន់២ជី កងដៃផ្លាកទីន២វង់ ទម្ងន់៣ជី និងចិញ្ចៀនមាស៣ជី ។ យឹម សុថាន
