ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តស្វាយរៀងចុះពិនិត្យមណ្ឌលចត្តាឡីស័កត្រួតពិនិត្យសុខភាព ដែលខេត្តបានរៀបចំនៅសាលាបឋមសិក្សាក្រោលគោ និងទីតាំងព្រំប្រទល់រវាងខេត្តស្វាយរៀង និងខេត្តព្រៃវែង

ចែករំលែក៖

ខេត្តស្វាយរៀង៖  លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០បានចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កត្រួតពិនិត្យសុខភាព ដែលខេត្តបានរៀបចំនៅសាលាបឋមសិក្សាក្រោលគោ និងទីតាំងព្រំប្រទល់រវាងខេត្តស្វាយរៀង និងខេត្តព្រៃវែង នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ដែលត្រូវបិទចរាចរណ៍ចេញចូលឆ្លងកាត់ខេត្តជាបណ្តោះអាសន្ន យោងតាមបទបញ្ជាលេខ០២បប និងសេចក្ដីសម្រេចលេខ៣៩ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា។
នាពេលនោះ លោកអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ប្រចាំការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល។
ទន្ទឹមនេះលោកក៏បានលើកទឹកចិត្តឲ្យបន្តពង្រឹងការអនុវត្តឲ្យបានកាន់តែម៉ឺងម៉ាត់ថែមទៀត ដែលការខិតខំ និងការលះបង់របស់កងកម្លាំង និងមន្ត្រីរបស់យើងនាពេលនេះ គឺជាប្ដូរមកវិញនូវសុវត្ថិភាពរបស់ជាតិ សុខភាព និងជីវិតរបស់ប្រជាជន ហើយការអនុវត្តនេះ សូមរក្សានូវឥរិយាបថសមរម្យ ប្រកបដោយភាពទន់ភ្លន់ជាមួយប្រជាពលរដ្ឋ។
ជាមួយនេះ អាជ្ញាធរខេត្តសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការយោគយល់លើចំណាត់ការក្នុងគ្រាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តន៍ទាំងអស់គ្គា ដើម្បីសេចក្តីសុខ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ។
យឹម សុថាន

ចែករំលែក៖