ខេត្តប៉ៃលិន ៖ ពិតជាក្តុកក្តួលខ្លាំងណាស់ដែលស្ត្រីជាម្តាយធ្វេសប្រហែសតែមួយប៉ព្រិចភ្នែក
ធ្វើអោយកូនតូចអាយុជាង១ខួបផឹកថ្នាំបាញ់សម្លាប់ស្មៅបណ្តាលអោយបែកពពុះមាត់ស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេច។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើឈ្មោះ ផល ផារិទ្ធ អាយុ១ឆ្នាំ ៦ខែ មានឪពុកឈ្មោះ យ៉ង ផៃ អាយុ២៩ឆ្នាំ និងម្តាយឈ្មោះ ទូច ប៊ុនណា អាយុ២៥ឆ្នាំ ។ គ្រួសារនេះទើបនឹងមានកូនម្នាក់ប៉ុណ្ណោះ ហើយរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ឪពុកម្តាយក្មេងស្រីរងគ្រោះបានយកដបថ្នាំបាញ់ស្មៅប្រភេទទឹក ទៅរក្សាទុកនៅក្នុងបន្ទប់ដេក ។លុះមកដល់ព្រឹកថ្ងៃកើតហេតុ ស្ត្រីជាម្តាយបានដាក់ឱ្យកូនតូចជាជនរងគ្រោះវារលេងក្នុងបន្ទប់តែម្នាក់ឯង ហើយស្ត្រីជាម្តាយបានចេញមកអង្គុយនៅខាងក្រៅផ្ទះ។ លុះស្ងាត់សំឡេងកូនយូរពេកម្តាយក៏ចូលទៅមើល ស្រាប់តែឃើញកូនស្រីតូចកំពុងក្អួតចង្អោរ និងបែកពពុះមាត់ប្រកាច់ក្នុងបន្ទប់ តែម្នាក់ឯងដោយឃើញមានដបថ្នាំបាញ់ស្មៅរបើកគម្របដួលក្បែរនោះផង។ពេលឃើញដូច្នេះម្តាយបានស្រែកហៅឱ្យអ្នកជិតខាងជួយហៅគ្រូពេទ្យមកសង្គ្រោះ តែអកុសលនាងស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថាកុមារីរងគ្រោះពិតជាស្លាប់ដោយពុលថ្នាំបាញ់ស្មៅប្រាកដមែនរួចបានប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ដោយ៖ស សារ៉េត