ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបរ​កង់​បី ៥​ពាន់​នាក់ នៅ​ភ្នំ​ពេញ ទទួល​បាន​អំណោយ​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា (កូវីដ-១៩)

ចែករំលែក៖

ភ្នំ​ពេញ​ ថ្ងៃ​ទី​១០ ខែមេសា៖ ​អ្នកបើក​បររឺ​ម៉ក ឬ​កង់​បី ចំនួន​៥​ពាន់​នាក់ ​ដែល​បាន​ភ្ជាប់​ជាមួយ​នឹង​​​កម្ម​វិធី​ហៅ​យាន​ជំនិះ ​ ផ្សេង​ៗ​​ ​ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ទទួល​កញ្ចប់​អំណោយជាសម្ភារៈ​ថែ​រក្សាអនាម័យ ​ក្នុង​​រាជ​​ធា​នី​ភ្នំ​ពេញ ដើម្បី​ជួយ​ឲ្យ​ពួក​​គាត់ អាច​​ចូលរួម​បានកាន់តែប្រសើរក្នុង​តួនាទី​ដ៏សំខាន់របស់ពួកគាត់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូ​ណា ឬ​កូវីដ-១៩​។

ព្រឹត្តិការណ៍​​ផ្តល់​អំណោយ​ក្រោម​ទស្ស​ន​ទាន «ប្រទេស​តែ​១ សហ​គមន៍​តែ​១​» មួយ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ ក្រុមហ៊ុន Grab និង​ក្រុមហ៊ុន​​ភេសជ្ជៈ​កម្ពុជា (កូកា​-កូឡា) ក្រោម​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​នឹង​សា​លា ​រាជ​ធានី​ភ្នំពេញ ដែល​តំណាង​ដោយឯកឧត្ដមអ​​​​​​​ភិបាលរងនៃគណៈអភិបាល​រាជ​ធានី​ភ្នំពេញ និង​ក្រុម​​អ្នកអភិរក្ស​​ព្រៃ​ឈើ បៃ​តង​ វ៉ររៀរស៍ (Baitong Warriors)​។

នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ឯក​ឧត្តម នួន ផារ័ត្ន អ​ភិបាលរង​នៃគណៈអភិបាលរាជ​​ធានី​ភ្នំពេញ និងអ្នក​តំណាង​មក ​ពី​ក្រុមហ៊ុន​​ភេសជ្ជៈ​កម្ពុជា (កូកា-កូឡា) បាន​​ចែក​ជូន​​អ្នក​បើកបរកង់​បី នូវ​កញ្ចប់អំណោយជាសម្ភារៈ​ថែ​រក្សា​អនា​ម័យ ក្នុង​​​​​ម្នាក់​មួយកញ្ចប់ ដែល​​ក្នុងនោះ​មានសម្ភារៈដូចជា​ម៉ាស​​ការ​ពារ ទឹក​​​អនា​ម័យលាង​​ដៃ ភេសជ្ជៈ Coca-Cola Energy ខិត​បណ្ណ​អប់​រំ​ស្តី​ពី​កូវីដ-១៩ និង​ស្ទីក​ឃឺ​រជាច្រើន​សម្រាប់បិទ​លើ​កង់​បី​របស់​ពួកគាត់​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​ការ​ងារ​របស់​​​ក្រុមហ៊ុន​ Grab បាន​​រៀប​ចំ​កន្លែងមួយ ដើម្បី​ផ្តល់​អំណោយ​​​ នៅ​ខាង​មុខ​​ ការិយា​ល័យ​របស់ខ្លួន ស្ថិតលើផ្លូវ​ព្រះ​មុនី​វង្ស រាជ​ធានីភ្នំ​ពេញ ដើម្បី​​ប្រគល់​​កញ្ចប់​អំណោយ​ថែ​ទាំសុខ​ភាព​ ទាំង​អស់​នោះ។

លោក Hashim Alkaff នា​យក​ក្រុមហ៊ុន Grab ​​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា៖ «អំណោយ​ទាំង​នេះ គឺ​ការ​បង្ហាញ​ពីការ​ទទួល​ស្គាល់​​របស់​យើងចំពោះ​តួនាទី​ដ៏សំខាន់​របស់​​អ្នក​បើក​បរ ដែល​​ភ្ជាប់​កម្មវិធី​ហៅ​យាន្តជំនិះ ​​ផ្សេង​ៗ​គ្នា​ ជា​ច្រើន​​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩​។ ដើម្បី​​ថែ​រក្សា​សុខ​ភាព​របស់​ពួកគាត់ផ្ទាល់ និង​សុខភាព​​អ្នក​ដំណើរ ​របស់​ពួកគាត់ វា​ពិត​ជា​សំខាន់​ណាស់​ដែល​​អ្នក​បើកបរ ​ត្រូវ​​ធ្វើ​តាម​សេចក្តី​ណែនាំចុង ក្រោយបង្អស់ស្ដីអំពីការការពារ​សុខភាព និង​សុវត្ថិ​ភាព តាម​រយៈ​ការ​​ប្រើ​ប្រាស់​ម៉ាស​ការ​ពារ និង​ទឹកអនាម័យលាង​​ដៃ ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​រក្សា​បាននូវ​អនាម័យជា​និច្ច ដែល​​ពិត​ជា​សំខាន់ណាស់​ក្នុង​ការ​​កាត់​បន្ថយ​ការ​ឆ្លង​របស់​ជំងឺ​​នេះ​​»​។

ជាមួយ​គ្នា​នេះផងដែរ ក្រុមហ៊ុន​​ភេសជ្ជៈ​កម្ពុជា (កូកា-កូឡា) បានប្រកាស​កាលពីសប្តាហ៍មុន​ថា ក្រុម​ហ៊ុន​បាន​បង្វែរ​ ថវិកាចំនួន ២០​ម៉ឺន​ដុល្លារសហរដ្ឋ​អាមេរិក ពី​​កញ្ចប់​ថវិកា​ផ្សាយ​ពាណិជ្ជ​កម្មរបស់ខ្លួន សម្រាប់យកមក​​ចូល​រួម​ជួយ ​ដល់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង ​វិបត្តិ​ជំ​ងឺ​កូរ៉ូ​ណា នា​ពេល​បច្ចុប្បន្ន​​។

លោក រស់ សោភា នាយក ផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេស នៃ​ក្រុម​ហ៊ុនភេសជ្ជៈ​កម្ពុជា (​កូកា-កូឡា) មាន​ប្រសាសន៍​ថា៖ «ក្រុមហ៊ុនរបស់យើង​បាន​ក្លាយ​ជាផ្នែកមួយ​នៃ​​សង្គម​កម្ពុជា អស់​រយៈពេល​ជិត​៣០​ឆ្នាំមក​ហើយ ហើយ​​ឥរិ​យា​បថ​​មូល​ដ្ឋាន​របស់​យើង គឺយើង​ជួយ​ឧប​ត្ថម្ភ​គាំទ្រដល់​សហ​គមន៍ទូទៅ ក្នុង​ដំណាក់ ​កាល​ដ៏​ចាំ​បាច់ តាម​រយៈ​ការ​ផ្តល់​អំណោយ​​បែបនេះ​​។ ការ​ផ្ដល់លទ្ធភាព​ឲ្យ​អ្នក​បើក​បរ​ទាំងអស់ អាចបន្ដប្រកបអាជីវកម្មបាន​ប្រក​ប ដោយ​សុវត្ថិភាព តាម​រយៈ​ការ​ប្រើប្រាស់​ម៉ាស​ការពារ និង​ទឹក​​អនា​ម័យលាង​ដៃ មានន័យ​ថា ពួក​​គាត់​អាច​បន្ត​​ការ​រក​ប្រាក់ ​ដើម្បី​ផ្គត់​ផ្គង់​ដល់​ក្រុម​គ្រួសារ​ និង​សហ​គមន៍​របស់​ពួកគាត់​»​។  

លោក​បាន​បន្ថែម​ទៀត​ថា៖ «យើងក៏ចូលរួម​ប្តេជ្ញា​អនុវត្តតាមយុទ្ធនាការ «ពិភព​លោក​មួយ​ដែល​គ្មាន​សំរាម» តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​​អ្នក​បើក​បរ​​ទាំងនោះឲ្យ​យក​ដប​ដែល​អាច​ប្រើ​ប្រាស់​វិញ​បាន ដើម្បីច្រក​ទឹក​អនា​ម័យ ​លាង​ដៃ​»​។

ក្រុម​អ្នកអភិរក្ស​​ព្រៃ​ឈើ​ បៃ​តង​វ៉រ​រៀរស៍ ដែល​​បាននិង​កំពុង​តែ​ចូលរួម​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​ទប់​ស្កាត់​ការ​ឆ្លង​របស់​វីរុស ​កូរ៉ូ​ណា ទូ​ទាំង​ប្រទេស​នោះ បាន​​ចូលរួម​​​ក្នុង​ការ​​​​ផ្តល់​​ទឹក​អនា​ម័យ​ដៃ​ចំនួន​៤២០​លីត្រ ក្នុង​​កម្មវិធី​អំណោយ​នេះផងដែរ​។

លោក​តាន់ គឹម​សួគ៌ អ្នក​តំណាង​ឲ្យ​ក្រុម​អ្នកអភិរក្សព្រៃ​ឈើ បៃ​តង​វ៉រ​រៀរស៍ បាន​ឲ្យ​ដឹង​ថា៖​ «ក្នុងនាម​ជាក្រុម​​មួយ បៃ​តង​វ៉រ​រៀរស៍កំពុង​តែ​យក​ចិត្ត​​ទុក​ដាក់ ​រៀប​ចំ​​​ទឹកអនាម័យ​លាងដៃ​បែប​សាមញ្ញ ប៉ុន្តែ មាន​ប្រសិទ្ធិ​ភាពនេះ សម្រាប់​ចែក​ជូន​​​ប្រជា​​ពល​រដ្ឋ​​របស់​យើង​នៅទូ​ទាំង​ប្រទេស​ ដើម្បី​ជួយឲ្យ​ពួក​គាត់មានលទ្ធភាព​​រក្សា​​បាននូវ​សុវត្ថិភាព និង​សុខភាពល្អ តាម​រយៈ​ការ​រក្សា​ដៃ​របស់ពួក​គាត់ ឲ្យ​មានអនា​ម័យ​ជានិច្ច​»​។

ឯក​ឧត្ដម នួន ផារ័ត្ន អភិបាលរង​​រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា៖ «យើងខ្ញុំ​​សូម​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​ដល់ ក្រុម​ហ៊ុន Grab ក្រុមហ៊ុនកូកា-កូ​ឡា និង​បៃ​តង​វ៉រ​រៀរស៍ ចំពោះ​ការ​ចូល​រួម​​​ចំណែក​​ទាំង​នេះ ​ក្នុងន័យផ្តល់​សុវត្ថិភាព និង​សុខុ​មាលភាព​របស់​អ្នកបើករឺម៉ក​កង់​បី ដែល​កំពុង​តែ​ស្ថិតក្នុង​ទី​តាំង​ជួរ​មុខ​គេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ​នឹង​វីរុស​កូរ៉ូ​ណា​​នេះ​»​។

លោក​មាន​ប្រសាសន៍បន្ថែម​​ថា៖ «ការ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​បើកបរ​ទាំង​អស់ អនុ​វត្តន៍​វិធី​​​ថែ​រក្សា​អនាម័យ​ល្អ នឹង​ផ្តល់​ឲ្យ ​អ្នក​ដំណើរ និងក្រុម​គ្រួ​សារ​របស់​ពួក​គាត់ដែលនៅ​ឯផ្ទះ មានអារម្មណ៍ស្ងប់ចិត្ត ដោយ​សារ​តែ​អ្នក​បើក​បរ​ទាំងអស់​ កំពុង​តែ​ការ​ពារ ​សមា​ជិក​ក្រុម​គ្រួ​សារ និង​សហ​គមន៍​របស់​ពួក​គាត់​»​។

ទាំងក្រុមហ៊ុន​ Grab និង​កូកា-កូឡា សុទ្ធ​សឹងតែ​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​​រៀប​ចំព្រឹត្តិការណ៍​ផ្តល់​អំណោយ​បន្ថែម​ទៀត​ ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ ខណៈ​ដែល​ក្រុមហ៊ុន​ទាំង​២ ចូលរួមជា​កម្លាំង​​ជាមួយ​នឹង​ដៃគូផ្សេង​ៗ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង ​វីរុស​កូរ៉ូ​ណា​៕


ចែករំលែក៖