ព័ត៌មានទាន់ហេតុការណ៍៖

មិនគិតរឿងប្រាក់ចំណូល LD នឹងបញ្ចេញភាពយន្ត៦រឿងសម្រាប់អ្នកនៅតាមផ្ទះទស្សនា

ចែករំលែក៖

ភ្នំពេញ៖ ផលិតកម្ម LD Picture គ្រោងនឹងបញ្ចេញភាពយន្តខ្នាតធំរបស់ខ្លួន៦រឿងឲ្យអ្នកគាំទ្រទស្សនាពីផ្ទះតែម្តងដោយមិនគិតថ្លៃ ដែលជា “កម្មវីធីមើលរឿងនៅផ្ទះប្រឆាំងនឹងកូវីដ១៩”។ការចាក់បញ្ចាំងលើកដំបូងលើបណ្តាញសង្គមនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែមេសា ត្រូវនឹងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃដំបូង។
​ភាពយន្ត ទាំង៦រឿង នឹងត្រូវបញ្ចេញមុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះស្របពេលដែលការសម្រាកនៅផ្ទះគេចពីការឆ្លងជំងឺកូវីដ១៩ របស់ប្រជាជនកម្ពុជា។ ភាពយន្តទាំងទាំងនោះមានដូចជារឿង “នាយខ្វាក់នាយខ្វិនឆ្លងភព” រឿង”លោកឪពុក វគ្គ២” រឿង” បង្គោលគ្រាក់សង្កត់វិញ្ញាណ” រឿង”កំពូលអ្នកសុំទាន” រឿង “Hello Pnompenh” រឿង” កំពូលអ្នកសុំទានជួបស្នេហ៍” និងរឿង “សំណើចស្នេហ៍និស្សិតពេទ្យ” ។ អ្នកទស្សនាអាចចូលទស្សនាបាននៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ LD Entertainment និងលើបណ្តាញសង្គមYoutube របស់ផលិតកម្មនេះដោយមិនគិតថ្លៃ ចាប់ផ្ដើមនៅថ្ងៃទី ១៣ មេសា ខាងមុខ ដែលជាថ្ងៃទី១នៃបុណ្យចូលឆ្នាំ។ ការប្រកាសនេះក៏ត្រូវបានធ្វើឡើងក្រោយពីការចាក់បញ្ចាំងភាពយន្តនៅក្នុងរោងត្រូវបានផ្អាកបណ្តោះអាសន្ននោះផងដែរ។
នាយគ្រឿន និងនាយពែកមី លើកឡើងថាការបញ្ចេញភាពយន្តនេះគឺ ជាការចូលរួមចំណែកបម្រើការកម្សាន្តរបស់អ្នកគាំទ្រ ពិសេសអ្នកដែលមិនបានធ្វើដំណើរទៅណា ព្រោះតែជំងឺកូវីដ១៩។ អ្នកទាំងពីរជូនពរឲ្យទស្សនិកជនមានសុខភាពល្អជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។
អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម LD Picture លើកឡើងដែរថាចំពោះគោលបំណង គឺបញ្ចៀសប្រិយមិត្តរបស់ខ្លួនពីភាពអផ្សុក ពិសេសគឺដើម្បីជាចំណែកមួយក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលចូលសហគមន៍។លោកថា​បើទោះបីជាប្រាក់ចំណូលដែលបានមកពីYoutube មិនបានស្មើនឹងតម្លៃរប​ស់រឿងទាំង៦នេះក្តី ប៉ុន្តែវាគឺជាចំណែកដែលផលិតកម្មអាចជួយទៅសង្គមវិញបាន បើទោះបីជាចំណែកនេះមិនធំដុំក្តីក៏រំពឹងថាទស្សនិកជននឹងអាចរំសាយអារម្មណ៍បានមួយចំណែក។
​គួរបញ្ជាក់ដែរថាផលិតកម្ម LD Picture គឺជាផលិតកម្មនាំមុខមួយនៅកម្ពុជាដែលបានផលិតភាពយន្តមានគុណភាពជាច្រើនដាក់បញ្ចាំងនៅលើភាពយន្តក្នុងស្រុក ។ ផលិតកម្មនេះក៏ធ្លាប់បាននាំភាពយន្តល្បីឈ្មោះមួយគឺរឿង នាឡិការដាស់វិញ្ញា ទៅចាក់បញ្ចាំងនៅលើទីផ្សាររោងភាពយន្តមួយចំនួននៅបរទេសផងដែរ៕

ដោយ៖វឌ្ឍនា


ចែករំលែក៖