ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ប្រឈមកូវីដ-១៩ ទុក្ខជាន់លើទុក្ខ អាមេរិករងការវាយ ប្រហារដោយខ្យល់កួច សម្លាប់មនុស្ស៦នាក់ និងបំផ្លាញទ្រពសម្បត្តិជាច្រើន

ចែករំលែក៖

អាមេរិក៖ ក្នុងពេលដែលអាមេរិកកំពុងរងគ្រោះដោយកូវីដ-១៩ បណ្តាលឲ្យពលរដ្ឋ ជាង២២ពាន់នាក់ស្លាប់ និងឆ្លងរាលដាល ៥៥៩ពាន់នាក់។នៅពេលនេះតំបន់មួយចំនួននៅអាមេរិករងការវាយប្រហារដោយខ្យល់កួចបំផ្លាញផ្ទះសម្បែងទ្រព្យសម្បត្តិជាច្រើន។ កាលពីថ្ងៃទី ទី១២ខែមេសា (ពេលវេលាអាមេរិក) ព្យុះកំបុតត្បូងដ៏ធំមួយបានវាយប្រហារនៅភាគខាងត្បូងសហរដ្ឋអាមេរិក សម្លាប់មនុស្ស៦នាក់ ។
មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា៖ ព្យុះកំបុតត្បូងនេះបក់បោកនៅរដ្ឋ Mississippi បណ្តាលឲ្យមានការខូចខាតជាច្រើន។ តាមរបាយការណ៍បឋម មនុស្ស៦នាក់ស្លាប់ក្នុងគ្រោះធម្មជាតិនោះ។ ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ Mississippi (MSEMA) បានបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតម្នាក់នៅតំបន់ Walthall County, ស្លាប់២នាក់នៅតំបន់Lawrence County និងស្លាប់៣នាក់នៅតំបន់ Jefferson Davis County ។ តំបន់ទាំងអស់នេះស្ថិតនៅភាគខាងត្បូងរដ្ឋ Mississippi។
នៅរដ្ឋជិតខាង Mississippi ដូចជារដ្ឋ Alabama និងរដ្ឋ Georgia បានរងគ្រោះដោយសារតែខ្យល់ព្យុះកំបុតត្បូងនេះផងដែរ ។ ព្យុះផ្គររន្ទះបន្តកើតឡើងពេញមួយយប់តែម្តង ។ ក្រៅពីខ្យល់បក់បោកខ្លាំង ក៏នៅមានព្រឹលធ្លាក់ក្រាស់ ។
អភិបាលរដ្ឋMississippi លោក Tate Reeves បានទទូចដល់ពលរដ្ឋយកចិត្តទុកដាក់ចំពោះខ្យល់ព្យុះកំបុតត្បូងដ៏កំណាចមួយនេះ ។ គួរបញ្ជាក់ថា ពលរដ្ឋក្នុងតំបន់បាននឹងកំពុងអនុវត្តបម្រាមឃ្លាតឆ្ងាយពីសង្គម ទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសCOVID-19 ៕ដោយ៖ធីរីណា


ចែករំលែក៖