ភ្នំពេញ៖ ភាពយន្តអប់រំថ្មីស្តីអំពីការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 គឺរឿង”បន្ទប់ចត្តាឡីស័ក” ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ភាពយន្តនេះត្រូវបានសម្តែងដោយកូនស្រីតារាសម្តែងជើងចាស់លោកសាវិន ហ្វីលីបគឺកញ្ញា យោធិន វីរីយ៉ា ដែលមានអ្នកចូលទស្សនាប្រមាណជាង១លានដង។
ត្រឹមតែរយៈពេល១សប្តាហ៍ប៉ុណ្ណោះភាពយន្តអប់រំខ្លីរឿង”បន្ទប់ចត្តាឡីស័ក”ដែលបានផលិតឡើងដោយផលិតកម្មខ្មែរមេគង្គមានអ្នកចូលទស្សនា និងគាំទ្រខ្លាំងគឺមានអ្នកចូលទស្សនាជាង១លានដងរួចមកហើយលើបណ្តាញសង្គមហ្វេសប៊ុក។ ភាពយន្តនេះជាភាពយន្តអប់រំខ្នាតខ្លីមួយទាក់ទងនឹងវិធានការទប់ស្កាត់ការឆ្លងរាតត្បាត នៃមេរោគផ្លូវដង្ហើមថ្មី Covid–19។ ភាពយន្តនេះបានរៀបរាប់អំពីការដាក់ឲ្យពលករទើបត្រឡប់មកពីបទេសម្នាក់ឲ្យរស់នៅដាច់ដោយឡែក រយៈពេល១៤ ថ្ងៃមុនពេលជួបផ្ទាល់ជាមួយមនុស្សស្រីដែលខ្លួនស្រឡាញ់ គ្រួសារនិងមនុស្សនៅជុំវិញខ្លួន។ តួឯកស្រីត្រូវបានគេស្គាល់ថាជាកញ្ញា យោធិន វីរីយ៉ា ជាកូនស្រីបង្កើតរបស់តារាសម្តែង សាវិន ហ្វីលីប ។ នាងទទួលបានការពេញចិត្តច្រើនផងដែរពីអ្នកទស្សនា ហើយទោះជាយ៉ាងណានេះមិនមែនជាលើកដំបូងនោះទេដែលនាងបានចូលរួមសម្តែងនោះ។
ភាពយន្តអប់រំនេះត្រូវបានផលិតឡើងក្រោយពេលដែលជំងឺCovid–19 បានរាតត្បាតពីសាកល និងក្រោយពេលដែលពលកររាប់ម៉ឺននាក់ដែលបានបំពេញការងារនៅបរទេសបានសំរុកវិលចូលស្រុកវិញ ពិសេសពលករបម្រើការងារនៅប្រទេសថៃនោះ។ ភាពយន្តនេះក៏ចូលរួមជាមួយការអំពាវនាវរបស់រាជរដ្ឋាភិបាលក្នុងការសុំឲ្យពលរដ្ឋដែលទើបត្រឡប់មកពីបំពេញការងារនៅបរទេសដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារសាច់ញាតិ១៤ថ្ងៃដើម្បីប្រាកដថាខ្លួនឯមិនមានជំងឺផ្លូវដង្ហើម Covid–19នោះទេ។
គួរបញ្ជាក់ដែរថា គិតមកដល់ថ្ងៃទី១២ ខែមេសានេះ នៅកម្ពុជាមានអ្នកផ្ទូកជំងឺCovid-19 មានសរុបចំនួន១២២នាក់ ដោយក្នុងនោះមានអ្នកព្យាបាលសះស្បើយចំនួន៦៨នាក់ និងមិនមានពលរដ្ឋណាម្នាក់បាត់បង់ជីវិតនេះឡើយ។ រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ Covid–19នេះ៕ ដោយ វឌ្ឍនា