ខេត្តព្រះសីហនុ៖ មានក្មេងស្រីម្នាក់ បានលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ នៅម៉ោង០២រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ម្សិលមិញ ហើយក៏បាត់ខ្លួនរហូតមកដល់ព្រឹកថ្ងៃទី១៥នេះទៅហើយនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ។
ភ្លាមៗនោះក្រោយកើតហេតុ សមត្ថកិច្ច រួមនិងក្រុមអ្នកជួយសង្គ្រោះ ក៏ដូចជាគ្រួសារសាច់ញាតិបានតាមស្វែងរកនៅក្នុងសមុទ្រ ។ ក្នុងនោះលោកឧកញ៉ាទៀ វិចិត្រ ក៏បានបញ្ជូនអូបរ័ល្បឿនលឿន២គ្រឿងជួយអន្តរាគមន៍តាមរកក្មេងស្រីរងគ្រោះដែរ។
បើតាមសាច់ញាតិថា ក្មេងស្រីរងគ្រោះមានឈ្មោះហ៊ុន ម៉េងហ័រ ភេទស្រី អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៨ រៀននៅសាលាអូរ២ក្រុងព្រះសីហនុ មកលេងទឹកសមុទ្រជាមួយគ្រួសារ នៅថ្ងៃទី២ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។
មុនពេលបាត់ខ្លួនក្មេងស្រីរងគ្រោះបានចុះលេងទឹក៤ ទៅ៥នាក់ ក្រោយមកមានក្មេងប្រុសម្នាក់លង់ទឹក រួចនាងក៏ជួយក្មេងដែលលង់ទឹកនោះ ដោយដោះអាវពោងបោះទៅអោយក្មេងមួយទៀត ចៃដន្យអាក្រក់ខ្លួនឯងក៏រសាត់ទៅទឹកជ្រៅ ក៏បណ្តាលអោយលង់ទឹកខ្លួនឯងវិញ និងបាត់ខ្លួនតែម្តង៕ដោយ៖ឆ្លាម សមុទ្រ