ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ បានក្រើនរំលឹកប្រជាពលរដ្ឋ ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក “ដែលបានតម្លើងកម្រិតទឹកប្រាក់ពិន័យក្នងចំនួនពី៣ទៅ៥ដង” ។
យោងតាមសេចក្តីជូនដំណឹងនេះ គឺ សម្តេច ស ខេង សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និង អ្នកដ៏ទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និង សណ្តាប់ធ្នាប់សង្គមនៅព្រះរាជាណាចក្រកម្ពុជា ៕ដោយ៖ចេស្ដា