ខេត្តបាត់ដំបង ៖ពិតជាអកុសលណាស់ដែលបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ទាំងអង្គុយផ្អែកលើម៉ូតូគ្រាដែលត្រឡប់មកពីច្រូតស្មៅគោទៅផ្ទះវិញ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ខែមេសាឆ្នំា២០២០ នៅទឹកដីថៃជាប់ចំណុចភូមិព្រះពុធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ឈឿន ជា សញ្ជាតិខ្មែរ អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ ឃុំ ស្រុកខាងលើ។
មន្រ្តីនគរបាលស្រុកកំរៀងបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចូលក្នុងទឹកដីថៃ ចម្ងាយ៥០០ម៉ែត្រពីព្រំដែនច្រកតំបន់បឹងឆ្នាំងស្រុកកំរៀង ដើម្បីច្រូតស្មៅឲ្យគោស៊ី។លុះច្រូតស្មៅបានមួយបាវជនរងគ្រោះបានលើកដាក់លើម៉ូតូដឹកត្រឡប់មកផ្ទះវិញ ហើយពេលជិះជិតឆ្លងព្រំដែនចូលកម្ពុជាក្នុងចម្ងាយជិត៥០០ម៉ែត្រទៅហើយស្រាប់តែមានភ្លៀងរលឹមនិងខ្យល់បោកបក់យ៉ាងខ្លាំងធ្វើឲ្យជនរងគ្រោះឈប់ម៉ូតូជ្រកក្រោមដើមឈើ គាប់ជួនរន្ទះបាញ់ត្រូវជនរងគ្រោះធ្លាក់ពីលើម៉ូតូស្លាប់ទាំងអង្គុយផ្អែកម៉ូតូយ៉ាងអាណោចអាធ័មតែម្តង។
ក្រោយមកទើបដឹងដំណឹងដល់ក្រុមគ្រួសារដឹកយកសពមកធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ប្រាថ្នា