ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩មានចំនួនទឹកប្រាក់ចំនួន១៣.៥៩៧.២៩៥ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខា ដូចជាម៉ាស អាកុល សាប៊ូ សម្ភារៈ ពេទ្យ។ល។ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។
ដោយឡែកការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹម
ព្រឹកថ្ងៃ១៦ មេសា ២០២០នេះមានចំនួន១៤.៧៥១នាក់និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ថា នេះជា ចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ ។
សម្តេចតេជោបានទូលថ្វាយព្រះបង្គំដល់ព្រះករុណា សូមថ្លែងអំណរព្រះគុណថ្វាយព្រះ មហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាន ចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ៕ ដោយ៖សហការី