ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះធុនតូចចុះលើផ្លូវ ល្បឿនលឿននៅកាណាដា ដោយសារមានបញ្ហាផ្នែកម៉ាសុីន

ចែករំលែក៖

ប្រទេសកាណាដា៖ ដោយសារតែយន្តហោះមានបញ្ហាម៉ាស៊ីនមិនអាចវិលត្រឡប់ទៅកាន់អាកាសយានដ្ឋាន បានទាន់ពេលវេលា អាកាសយានិក បានបញ្ជាយន្តហោះចុះចតយ៉ាងប៉ិនប្រសប់ មិនបង្កគ្រោះថ្នាក់កើតឡើងនោះឡើយ ។ បើទោះបីថា នៅលើផ្លូវហាយវ៉េ ក្នុងប្រទេសកាណាដា ពេលមានរថយន្ត ជាច្រើនកំពុងបើកបរក៏ដោយ។
សារព័ត៌មាន tr.com កាលពីថ្ងៃទី១៧ ខែមេសា បានបញ្ជាក់ថា យន្តហោះធុនតូច Piper Cherokee មួយគ្រឿង ខណៈកំពុងហោះហើរជិតដល់គោលដៅដែលត្រូវចុះចតហើយនោះ ស្រាប់តែម៉ាស៊ីនមានបញ្ហា បង្ខំឲ្យអាកាសយានិកចុះចតជាបន្ទាន់ និងប្រកបដោយសុវត្ថិភាពបំផុត ។
ប្រភពបន្តថា យន្តហោះនេះបានចុះចតនៅលើផ្លូវហាយវ៉េលេខ៤០ នៅក្នុងទីក្រុង កេប៉ិក (Quebec) ប្រទេសកាណាដា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ។ ការចុះចតបន្ទាន់របស់យន្តហោះ នៅពេលដែលរថយន្តកំពុងចរាចរណ៍យ៉ាងមមាញឹកផងដែរ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីកើតឡើងនោះទេ ។
ហេតុការណ៍នេះបានកើតឡើងនៅប្រមាណពីរបីគីឡូម៉ែត្រប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិ Jean-Lesage ទីដែលយន្តហោះ Piper Cherokee នេះត្រូវចុះចត ។

ប៉ូលិសក្នុងតំបន់បានអះអាងថា ការចុះចតបន្ទាន់នៃយន្តហោះនេះ ដោយសារតែមានបញ្ហានៅត្រង់ម៉ាស៊ីនយន្តហោះ ទើបបង្ខំឲ្យអាកាសយានិកចុះចតបន្ទាន់ ហើយដោយរកកន្លែងចុះចតមិនបាន ក៏ចុះចតនៅលើផ្លូវហាយវ៉េតែម្តង ៕ ដោយ៖ធីរីណា


ចែករំលែក៖