ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេស៖ ប្រតិកម្មយ៉ាងខ្លាំងចំពោះការរិះគន់របស់ ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លើច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសមួយប្រតិកម្មយ៉ាងខ្លាំងចំពោះការរិះគន់របស់ ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លើច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩។

ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពី ឧត្តមស្នងកាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ផ្ញើលិខិតលេខ OL KHM 1/2020 ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ជូនលោកឧបនាយករដ្ឋម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនៅក្នុងលិខិតនោះ ក្រុមការងារនីតិវិធីពិសេសរបស់ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នៅកម្ពុជា។

នៅក្នុងលិខិតឆ្លើយតបចំពោះការរិះគន់នេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត នៅទីក្រុងហ្សឺណែវ បានបំភ្លឺ១១ចំណុច ជូនឧត្តមស្នងកាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយក្នុងនោះ កម្ពុជាបានចាត់ទុកថា នៅក្នុងគ្រាដែលការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ មានភាពធ្ងន់ធ្ងរ ការអះអាងថា «ច្បាប់ស្ដីពីការគ្រប់គ្រង ប្រទេសជាតិក្នុងភាពអាសន្ន» ថាជាការរំលោភសិទ្ធិមនុស្ស គឺជាការអះអាងដែលមិនត្រឹមតែគ្មានមូលដ្ឋានច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការអនុវត្តសិទ្ធិមនុស្សដោយរើសមុខ និងលម្អៀង។

ជាមួយគ្នានេះ កម្ពុជាក៏បានពន្យល់ដែរថា បន្ទាប់ពីមានការគម្រាមកំហែងដ៏គួរឱ្យភ័យខ្លាច និងហានិភ័យដល់អាយុជីវិតមនុស្ស ដែលបង្កឡើងដោយជំងឺកូរ៉ូណា (កូវីដ១៩) ប្រទេសជាច្រើនបានបង្ខំចិត្តក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយក្នុងនោះមានប្រទេសចំនួន៧០ នៅទូទាំងពិភពលោក បានប្រកាសដាក់ប្រទេសឱ្យនៅក្នុងភាពអាសន្ន និងចាត់វិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះផងដែរ។

យោងតាមលិខិតរបស់ក្រសួងការបរទេស, ស្ថានបេសកកម្មអចិន្រ្តៃយ៍

នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវការបំភ្លឺ ១១ចំណុ ដូចខាងក្រោម៖

១៖ វាជាបញ្ហាធម្មតាទេ នៅពេលដែលមានការព្រួយបារម្ភ កាន់តែខ្លាំងចំពោះការគម្រាមកំហែងដ៏គួរឱ្យភ័យខ្លាច និងហានិភ័យដល់អាយុជីវិតមនុស្ស ដែលបង្កឡើងដោយជំងឺកូរ៉ូណា (កូវីដ១៩) ប្រទេសជាច្រើនបានបង្ខំចិត្តក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអាយុជីវិតប្រជាជន និងសុខភាពសាធារណៈ ដោយមានការដាក់កម្រិតទៅលើសេរីភាពនៃការបម្លាស់ទីការជួបជុំ និងឯកជនភាព។ យ៉ាងហោចណាស់ប្រទេសចំនួន៧០ នៅទូទាំងពិភពលោក បានប្រកាសដាក់ប្រទេសឱ្យនៅក្នុងភាពអាសន្ន និងចាត់វិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

២៖ កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ចែងពីការកម្រិតបណ្ដោះអាសន្ននូវសិទ្ធិ និងសេរីភាពខ្លះ នៅក្នុងស្ថានភាពអាសន្ន។ ប៉ុន្តែការរឹតត្បិតទាំងនោះ នឹងត្រូវបានកំណត់ដោយច្បាប់ សម្រាប់ជាសារៈប្រយោជន៍សាជារណៈ និងផលប្រយោជន៍រួម។

៣៖ ប្រទេសកម្ពុជាជាប្រកាន់យកនូវគោលនយោបាយ និងវិធានការជាក់ស្តែង ក្នុងការបង្ការ និងទប់ស្កាត់ការផ្ទុះឡើងនូវការឆ្លងមេរោគដ៏កាចសាហាវនេះ។ ក្នុងចំណោមវិធានការផ្សេងទៀតដែលបានដាក់ចេញកន្លងមក គឺការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន» ដែលបច្ចុប្បន្នកំពុងត្រូវបានពិនិត្យដោយព្រឹទ្ធសភា។

៤៖ ខណៈពេលដែលមាត្រា២២ នៃរដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យមានការប្រកាសដាក់ប្រទេសឱ្យនៅក្នុងភាពអាសន្ន ច្បាប់ស្ដីពីការប្រកាសភាពអាសន្ននេះនៅពុំទាន់មាននៅឡើយ ហើយនេះជាហេតុផលដែលនាំ ឱ្យមានសេចក្ដីព្រាងច្បាប់បច្ចុប្បន្ននេះ។

៥៖ ច្បាប់នេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ដោយលិខិតុបករណ៍ជាតិ និងអន្តរជាតិស្ដីពីសិទ្ធិមនុស្សជាតិ ដូចជា រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា (មាត្រា ២២ ថ្មី ៣១ មាត្រា ៨៦ និង ១០២ ថ្មី) សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស (មាត្រា ២៩) ICCPR (មាត្រា ៤) ការបកស្រាយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រួមទាំងសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។ល។

៦៖ ដូចច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នៅទូទាំងពិភពលោកដែរ សេចក្ដីព្រាងច្បាប់នេះចែងអំពីនីតិវិធី និងលក្ខខណ្ឌសម្រាប់ប្រកាសភាពអាសន្ន ការដាក់ចេញនូវវិធានការដោយរដ្ឋាភិបាល កាតព្វកិច្ចនៃការរាយការណ៍របស់រដ្ឋាភិបាល និងការដាក់ទណ្ឌកម្មចំពោះការរារាំង និងការរំលោភលើវិធានការបស់រដ្ឋាភិបាល។ ច្បាប់ត្រូវចែងពីការដាក់ទណ្ឌកម្មចំពោះការមិនគោរពតាម ដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្ត។ បើប្រៀបធៀបទៅនឹងច្បាប់របស់ប្រទេសដទៃក្នុងតំបន់អាស៊ី និងអឺរ៉ុប សេចក្ដីព្រាងច្បាប់កម្ពុជា គឺមានលក្ខណៈធូរស្រាលជាង ទាំងអំណាច និងវិនការដាក់ទោសនានា។

៧៖ នៅពេលអនុវត្តច្បាប់ គោលការណ៍គណនេយ្យភាព សមាមាត្រភាព និងភាពចាំបាច់ ត្រូវយកមកអនុវត្ត។ អំណាចដែលប្រគល់ជូនរដ្ឋាភិបាលសម្រាប់ការចាត់វិធានការនៅពេលប្រទេសស្ថិតក្នុងភាពអាសន្ន មិនមែនជាអំណាចគ្មានដែនកំណត់នោះទេ។ មាត្រា ៨៦ និងមាត្រា ១០២ ថ្មី នៃរដ្ឋធម្មនុញ្ញ ចែងអំពីយន្តការត្រួតពិនិត្យដោយសភាទាំងពីរថ្នាក់របស់កម្ពុជា។ បន្ថែមពីលើនេះ មន្ត្រីអនុវត្តច្បាប់ ដែលអនុវត្ត តាមអំពើចិត្ត និងបំពានច្បាប់ នឹងត្រូវផ្តន្ទាទោសដោយតុលាការ។

៨៖ ច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន » នឹងត្រូវយកមកអនុវត្តតែក្នុងស្ថានភាពចាំបាច់ដែលត្រូវការវិធានការបន្ថែម និងសេចក្ដីត្រូវការចាំបាច់សម្រាប់ការពារ និងថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីការពារអាយុជីវិតប្រជាជន សុខភាពសាធារណៈ ផលប្រយោជន៍សាធារណៈ និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ។ ម្យ៉ាងទៀត ការដាក់ប្រទេសក្នុងភាពអាសន្ន ត្រូវប្រកាសនៅក្នុងរយៈ ពេលកំណត់ជាក់លាក់នៅទូទាំងប្រទេស ឬក្នុងវិសាលភាពភូមិសាស្ត្រជាក់លាក់ណាមួយ ដែលមានស្ថានភាពធ្ងន់ធ្ងរ និងមិនអាចគ្រប់គ្រងបាន។

៩៖ កម្ពុជាប្ដេជ្ញាអនុវត្តកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមមាត្រា៤ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ប្រសិនបើមានការប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្ន ហើយច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន» ត្រូវបានយកមកអនុវត្ត ដើម្បីផលប្រយោជន៍សាធារណៈ។

១០៖ នៅក្នុងគ្រាដែលការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ មានភាពធ្ងន់ធ្ងរ ការអះអាងថា ច្បាប់ស្ដីពីការគ្រប់គ្រង ប្រទេសជាតិក្នុងភាពអាសន្ន ជាការរំលោភសិទ្ធិមនុស្ស គឺជាការអះអាងមិនត្រឹមតែគ្មានមូលដ្ឋានច្បាស់លាស់ប៉ុណ្ណោះទេ តែថែមទាំងជាការបង្ហាញពីការអនុវត្តសិទ្ធិមនុស្សដោយរើសមុខ និងលម្អៀង។ នេះគឺជាកាតព្វកិច្ចជាសកល សម្រាប់អាជ្ញាធរ និងស្ថាប័ននានា រួមទាំងអង្គការសុខភាពពិភពលោក និង ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីធានា និងការពារ អាយុជីវិតរបស់ប្រជាជន។

១១៖ ទោះយ៉ាងណាក្ដី និងដោយមិននិយាយដល់ការព្រួយបារម្ភដែលសំដៅមកលើតែកម្ពុជា ប្រការនេះមិនត្រូវធ្វើឱ្យខូចខាតដល់កាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការគាំពារអាយុជីវិតប្រជាជន និងសុខភាពសាធារណៈ ការពារសន្តិសុខជាតិ និងរក្សាសណ្ដាប់ធ្នាប់សាធារណៈនោះឡើយ។ ការអនុវត្តនេះវាស្ថិត នៅក្នុងសិទ្ធិអធិបតេយ្យរបស់រដ្ឋាភិបាល ដែលជាអ្នកបំពេញករណីយកិច្ច ដើម្បីការពារ និងធានា ប្រជាជនរបស់ខ្លួន ពីការគម្រាមកំហែង និងគ្រោះថ្នាក់នានាគ្រប់ប្រភេទ ដល់ស្ថានភាពអាសន្ននៃសុខភាពសាធារណៈ និងការរីករាលដាលនៃជំងឺ ដែលកើតចេញពីឧបទ្ទវហេតុនៃសង្គ្រាម និងការ ឈ្លានពានរបស់បរទេស៕

ខាងក្រោមនេះជាលិខិតរបស់ ស្ថានបេសកកម្មអចិន្រ្តៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា បំភ្លឺចំពោះការចោទប្រកាន់របស់ ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស៖


ចែករំលែក៖