ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់បានហូរឈាមជោគពេញប្រាណ ព្រោះតែស្ត្រីជាប្រពន្ធបានចាប់ទាញស្លឹកត្រចៀកមកអា.ក ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១៦ ខែេមសាឆ្នាំ២០២០ នៅភូមិបន្ទាយថ្មីឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុក អូរជ្រៅលោក សែស វិបុល ប្រាប់ថា៖បុរសរងគ្រោះជាប្តីឈ្មោះ គុជ អាយុ ៤១ឆ្នាំ និងជនដៃដល់ជាប្រពន្ធឈ្មោះទឹម ម៉ៅ អាយុ៣២ឆ្នាំ គ្រួសារនេះរស់ នៅភូមិនៅភូមិកើតហេតុខាងលើ ។
លោកបញ្ជាក់ថា៖នៅយប់កើតហេតុ បុរសជាប្តីកំពុងផឹកស្រា រាំលេងសប្បាយជាមួយអ្នកភូមិ នៅពេលកំពុងអង្គុយផឹកសប្បាយៗស្រាប់តែស្ត្រីជាប្រពន្ធបានដើរទៅជិតប្តីហើយចាប់ទាញស្លឹកត្រចៀក ពេលនោះប្តីស្មានតែប្រពន្ធចាប់ទាញស្លឹកត្រចៀកក្នុងន័យខ្នាញ់ចង់ថើបក៏អោនក្បាលទៅស្រាប់តែស្ត្រីជាប្រពន្ធអា.កនិងផ្លែឡាម បណ្តាលឲ្យចេញឈាមជោគពេញខ្លួនដួលសន្លប់នៅនឹងកន្លែង ត្រូវបានអ្នកភូមិដឹកបញ្ជូនទៅមណ្ឌលសុខភាពអូរបីជាន់ដើម្បីជួយសង្រ្គោះ តែដោយឈាមហូរខ្លាំងពេកបុគ្គលិកមណ្ឌលបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។
ចំណែកស្ត្រីជាប្រពន្ធត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ចាប់ឃាត់ខ្លួន ដើម្បីសួរនាំ។
លោកអធិការបានបន្តថា៖តាមការសាកសួរចម្លើយ ស្ត្រីជាប្រពន្ធ បានសារភាពថា ចំពោះបញ្ហាខ្លួនយកផ្លែឡាមអា.កប្តីនោះ ក៏ព្រោះតែខ្លួនស្រវឹងស្រា ហើយប្រចណ្ឌប្ដីរួមទាំងគ្មានលុយផងនោះ ក៏មានចិត្តខឹងនឹងប្តី ។
បច្ចុប្បន្នជនសង្ស័យជាប្រពន្ធត្រូវ កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕
ដោយ៖នីម វណ្ណា