ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្រ្កាបករណីត្រាក់ទ័រលួចឈូសឆាយដីព្រៃលិចទឹក នៅស្រុកកំពង់ស្វាយ

ចែករំលែក៖

កំពង់ធំ៖ ដោយមានការយកចិត្តទុកដាក់ពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស៊ីន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាឲ្យកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បើកប្រតិបត្តិការចុះបង្រ្កាបករណីត្រាក់ទ័រលួច ឈូសឆាយដីព្រៃលិចទឹកមួយកន្លែង ស្ថិតនៅតំបន់បឹងស្ពុង ជាតំបន់ព្រៃអភិរក្សសហគមន៍បឹងស្ពុង ស្ថិតនៅភូមិសាស្រ្តតំបន់បឹងស្ពុង ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

 របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះថា ករណីឈូសឆាយដីព្រៃនេះមានរយៈពេល ២-៣ថ្ងៃមកហើយ ក្នុងនោះកម្លាំង ការិយាល័យនគរបាល បានចុះបង្រ្កាបករណីត្រាក់ទ័រឈូសឆាយដីព្រៃលិចទឹកនៅតំបន់ខាងលើ តែត្រូវអ្នកបើកបរត្រាក់ទ័របើករត់គេចខ្លួន តែដោយសារត្រាក់ទ័រជាប់ផុងទើបដល់ថ្ងៃទី១៦ ខែមេសានេះ បានយកត្រាក់ទ័រចេញពីកន្លែងជាប់ផុងបាន។

នៅក្នុងករណីចុះបង្ក្រាបនេះសមត្ថកិច្ច បានដកហូតសម្ភារវត្ថុតាងរួមមាន៖ ត្រាក់ទ័រ Kubuta M9540 ពណ៌ក្រហមចំនួន ០១គ្រឿង, ត្រាក់ទ័រ JOHN DEERE ពណ៌បៃតងចំនួន ០១គ្រឿង, ម៉ូតូ WAVE ពណ៌ខ្មៅ គ្មានស្លាកលេខចំនួន០១គ្រឿងវត្ថុ។

វត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញប្រគល់ជូនព្រះរាជអាជ្ញា ដើម្បីដោះស្រាយតាមនីតិវិធីផ្លូវច្បាប់៕ដោយ៖ប៊ុនរិទ្ធី


ចែករំលែក៖