ព័ត៌មានទាន់ហេតុការណ៍៖

COVID-19 បន្តកើនឡើង នឹងសម្លាប់មនុស្សច្រើនជាងគេ នៅប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ក្នុងតំបន់អាស៊ាន

ចែករំលែក៖

(ហ្សាការតា)៖  គិតត្រឹមល្ងាចថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ ប្រទេសឥណ្ឌូណេស៊ី បានលោតឡើងទៅកាន់លេខរៀងខ្ពស់ជាងគេវិញ ក្នុងនាមជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនបំផុតប្រចាំតំបន់អាស៊ាន ជាមួយនឹងករណីឆ្លងសរុប ៥,៩២៣ករណី ក្នុងនោះស្លាប់សរុប ៥២០នាក់ និងជាសះស្បើយវិញ ៦០៧នាក់។

ដោយឡែកប្រទេសហ្វីលីពីន ប៉ុន្មានថ្ងៃមុនបានឡើងទៅលំដាប់លេខ ១ ខណៈដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ឥឡូវនេះកំពុងស្ថិតនៅលេខរៀងទី ២ វិញជាមួយករណីឆ្លងសរុប ៥,៨៧៨ករណី ក្នុងនោះស្លាប់សរុប ៣៨៧នាក់ និងជាសះស្បើយវិញ ៤៨៧នាក់។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះឥណ្ឌូណេស៊ីបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤០៧នាក់បន្ថែម និងអ្នកជំងឺ ២៤នាក់ទៀតស្លាប់ ខណៈនៅហ្វីលីពីនវិញបានរកឃើញអ្នកឆ្លង ២១៨នាក់បន្ថែម និងអ្នកជំងឺ ២៥នាក់ទៀតស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ ឥណ្ឌូណេស៊ី និងហ្វីលីពីន ក៏ជាប្រទេសមានករណីស្លាប់ច្រើនបំផុត រហូតដល់ខ្ទង់រយករណី ប្រចាំនៅតំបន់អាស៊ានផងដែរ៕ ស តារា


ចែករំលែក៖