ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ធ្វើបទបង្ហាញ និងការពារសេចក្ដីព្រាងច្បាប់ ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន»

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ លោក កើត រិទ្ធ រដ្ឋមន្ដ្រី ក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំព្រឹទ្ធសភា បានធ្វើបទបង្ហាញ និងការពារសេចក្ដីព្រាងច្បាប់ ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន» ដែលជាច្បាប់មួយមានភាពចាំបាច់ខានមិនបាន សម្រាប់យកទៅអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ ក្រោយព្រះមហាក្សត្រប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។
ក្នុងនាមតំណាងរាជរដ្ឋាភិបាល លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ឡើងបកស្រាយ និងបានអះអាងថា ច្បាប់នេះនឹងបង្កើតឲ្យមានបទដ្ឋានគតិយុត្តិមួយច្បាស់ លាស់ ដើម្បីធានាដល់ការគ្រប់ គ្រងប្រទេសជាតិក្នុងគ្រា អាសន្ន។
លោករដ្ឋមន្ត្រីថ្លែងថា ៖ ច្បាប់នេះគឺមានគោលបំណងការពារអាយុជីវិតរបស់ប្រទេស ជាតិ ជាពិសេសការពារសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុ ជីវិត សុខភាពប្រជាជន។
បើតាមលោក រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន មិនមែនធ្វើ ឡើងក្នុងគោលបំណងរឹតត្បិតសិទ្ធិ សេរីភាពរបស់ប្រជាពល រដ្ឋនោះទេ ប៉ុន្ដែច្បាប់នេះធ្វើដើម្បីជួយដល់ប្រទេសជាតិនៅក្នុងគ្រាមានអាសន្នតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសមួយប្រតិកម្មយ៉ាងខ្លាំងចំពោះការរិះគន់របស់ ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លើការច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ៕ សហការី


ចែករំលែក៖