ខេត្តកណ្តាល៖ ក្មេងប្រុស ៣នាក់ រស់នៅភូមិជាមួយគ្នា បានស្លាប់ទាំងអស់ ខណៈទៅរាវគ្រុំ បណ្តាលអោយលង់ទឹក។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចបឹងរលួស ស្ថិតក្នុងភូមិពង្រ ឃុំឈ្វាំង ស្រុកពញាឮខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថា៖ កុមាររងគ្រោះចំនួន៣នាក់បានស្លាប់រួមមាន៖
1_ឈ្មោះអេង ស៊ាងលីភេទប្រុសអាយុ១៤ឆ្នាំមុខរបរសិស្ស។
2_ឈ្មោះអុល សត្យាភេទប្រុសអាយុ១២ឆ្នាំមុខរបរសិស្ស។
3_ឈ្មោះជួប តុលាភេទប្រុសអាយុ១១ឆ្នាំមុខរបរសិស្ស ។
អ្នកទាំងបីនាក់ មានទីលំនៅភូមិត្រពាំងព្រីងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា៖ មុនពេលកើតហេតុ ក្មេងប្រុសទាំងបីនាក់បាននាំគ្នាជិះកង់ទៅរាវគ្រុំ នៅក្នុងទឹកបឹងរលួស ស្ថិតនៅក្នុងភូមិសាស្ត្រភូមិពង្រ ឃុំឈ្វាំង ស្រុកពញាឮខេត្តកណ្តាល។
អាណាព្យាបាល បានបាត់កូនយូរពេក ជាឪពុកម្តាយបាននាំគ្នាដើររកកូនរបស់ខ្លួន ប៉ុន្តែរកពុំឃើញ។ លុះរហូតដល់វេលាម៉ោង១៦និង៤០នាទី ឪពុកម្តាយបាននាំបងប្អូននិងអ្នកនៅជិតខាងដើររកកូនម្ដងទៀតនៅតែមិនឃើញ ។ ក្រោយមក ក៏សង្ស័យលង់ទឹក បាននាំគ្នាចុះទៅរាវរកជនរងគ្រោះនៅក្នុងទឹកបឹងរលួស បានប្រទះឃើញជនរងគ្រោះទាំងបីនាក់នោះលង់ទឹកស្លាប់ទាំងអស់គ្នា ស្រង់មកដាក់លើគោក។
បន្ទាប់មកក្រុមគ្រួសារបានយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ស្អាងជ័យ