ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា ប្រគល់អំណោយ លើកទី៣ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់អំណោយ លើកទី៣ នូវ អង្ករ ចំនួន ៣៧៥តោន បណ្ណប្រកាសចំនួន ២០,០០០សន្លឹក អាល់កុល ចំនួន ១១,៦០០លីត្រ និងម៉ាស់ ចំនួន ១២,០៨០ ប្រអប់ ស្មើនឹង ៦០៤,០០០ ម៉ាស់ និងថវិកា ២០,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានីខេត្ត ក្នុងពេលបំពេញបេសកកម្មមនុស្សធម៌ ផ្សព្វផ្សាយ និងសម្រាប់បន្តចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាជធានីខេត្តនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះមន្ត្រី-បុគ្គលិកសាខាទាំងអស់ ព្រមទាំងសូមផ្តាំផ្ញើដល់ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ព្រមទាំងតាមដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រសិទ្ធភាពការងារក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នេះ៕សហការី


ចែករំលែក៖