ព័ត៌មានទាន់ហេតុការណ៍៖

កាប់​ និងដុតបំផ្លាញចោលដំណាំកញ្ឆាខុសច្បាប់៥ទីតាំង នៅស្រុកគិរីវង់

ចែករំលែក៖

ខេត្តតាកែវ៖ដំណាំកញ្ឆាចំនួន ៥ទីតាំងលើផ្ទៃដីដាំដុះសរុប ១៩៧៥ ម៉ែត្រការ៉េ ដែលជនខិលខូចលួចដាំខុសច្បាប់ នៅលើកំពូលភ្នំខាងជើងដុបមហាឥសី ក្នុងភូមិសាស្រ្ត ឃុំព្រៃអំពក ស្រុកគិរីវង់ស្រុកគិរីវង់ត្រូវបានកម្លាំងនគរបាលខេត្តតាកែវកាប់បំផ្លាញចោលរួមជាមួយកម្ទេចចោលអាងស្តុកទឹកចំនួន៧ផងដែរ។

ប្រតិបត្តិការកាប់កម្ទេចនិងបំផ្លាញចោលកញ្ឆាខុសច្បាប់នេះធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ឈៀង សុន ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន និងលោកវរសេនីយ៍ឯក ព្រហ្ម វាសនា ស្នងការរងទទួលការិយាល័យកិច្ចការនគរបាលប៉ុស្តិ៍រដ្ឋបាលនិងមានការចូលរួមពីកម្លាំងនគរបាលការិយាល័យជំនាញ កម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តសរុបចំនួន២០នាក់។

កម្លាំងចម្រុះបានឡើងភ្នំស្វែងរកទីតាំង ដែលជនខិលខូចលួចដាំដំណាំកញ្ឆាខុសច្បាប់ នៅលើកំពូលភ្នំខាងជើងដុបមហាឥសី ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។ ជាលទ្ធផលរកឃើញទីតាំងដាំកញ្ឆាខុសច្បាប់៥កន្លែងក៏បង្ក្រាបរួមមានការកាប់កម្ទេចដុតបំផ្លាញលើផ្ទៃដីដាំដុះសរុប ១៩៧៥ ម៉ែត្រការ៉េ និងបំផ្លាញអាងស្តុកទឹកចំនួន៧។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងខាងលើដើម្បីឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ជាមួយគ្នានេះដែរកម្លាំងចម្រុះបានផ្សព្វផ្សាយអប់រំដល់លោក មេភូមិ មេឃុំ ឲ្យបានជ្រាប និងជួយពន្យល់បន្ថែមឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនកុំឲ្យបន្តដាំដំណាំកញ្ឆាខុសច្បាប់នេះតទៅទៀត៕

ដោយ៖ប្រាថ្នា


ចែករំលែក៖