ភ្នំពេញ ៖ បុរសជនជាតិឥណ្ឌាជាកម្មករសំណង់ម្នាក់ បានចង.ក សម្លាប់ខ្លួនក្នុងការរដ្ឋានសំណង់មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២០ នៅចំណុចអាគារការដ្ឋានសំណង់លេខ ៥៤ ជាន់ទី១ ផ្លូវ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានឲ្យដឹងថាសពមានឈ្មោះ LINGANNA GOPULA អាយុ35ឆ្នាំ ជនជាតិឥណ្ឌា មុខរបរ កម្មករសំណង់កាន់លិខិតឆ្លងដែនលេខ S1960127 ស្នាក់នៅកន្លែងកើតហេតុ។
តាមការបំភ្លឺពីឈ្មោះ TMU THENNA ភេទប្រុស ជនជាតិឥណ្ឌាត្រូវជាមិត្តភ័ក្ត្រជនរងគ្រោះដែលធ្វើសំណង់ជាមួយគ្នាបានអោយដឹងថា នៅថ្ងៃទី១៧.មេសា.ឆ្នាំ២០២០ ខ្លួនបានឃើញជនរងគ្រោះនិយាយទូរស័ព្ទជាមួយប្រពន្ធបណ្តើរយំបណ្តើរ ដោយប្រពន្ធសុំជនរងគ្រោះអោយផ្ញើរលុយទៅស្រុក ខណៈដែលជនរងគ្រោះគ្មានលុយ មួយសន្ទុះក្រោយក៏ស្ងាត់ លុះព្រឹកឡើងស្រាប់តែប្រទះឃើញជនរងគ្រោះបានចង.កសម្លាប់ខ្លួនបាត់ទៅហើយ ។
សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបារាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណារ័ត្ន ក្រោមការសម្របសំរួលដោយលោក សេង គីមឡាក់ ព្រះរាជអាជ្ញាររង បានត្រួតពិនិត្យសាកសព រួចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារចង.កសំលាប់ខ្លួនឯងពិតប្រាកដមែន ។
បន្ទាប់ពីពិនិត្យសពរួច សពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្ដទឹកថ្លា ចំណែកសំភារៈរបស់សព បានប្រគល់អោយទៅការិយាល័យ ស៊ើបអង្កេតនិងអនុវត្តនិត្តិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរក្សាទុក ៕ជ្រោយ ពេជ្រ