ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅក្រុងកំពង់ឆ្នាំងរិះគន់ក្រុមហ៊ុនប្រមូលសម្រាមក្រុងកំពង់ឆ្នាំងអាក់ខានក្នុងការប្រមូលសម្រាមតាមផ្ទះ

ចែករំលែក៖

 កំពង់ឆ្នាំង ៖ គំនរសម្រាមជាច្រើននៅតាមផ្ទះប្រជាពលរដ្ឋនានាក្នុងក្រុងកំពង់ឆ្នាំងបាន បញ្ចេញខ្លិនស្អុយអសោច និង រុយរោមជាច្រើន បន្ទាប់ពីក្រុមហ៊ុនម៉ៅការប្រមូលសម្រាមនៅក្រុងកំពង់ឆ្នាំង បានអាក់ខានក្នុងការប្រមូលសម្រាមអស់រយៈពេលជាងកន្លះខែមកហើយ ។ 

  ប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង ស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា សម្រាមដែលនៅគរមុខផ្ទះរបស់គាត់នេះ គឺបានគរទុករង់ចាំរថយន្តប្រមូលសម្រាមជាងកន្លះខែមកហើយតាំងពីមុនបុណ្យចូលឆ្នាំខ្មែរមកម្លេះ តាំងពីសម្រាមនៅតិច រហូតមកដល់ពេលនេះគំនរសម្រាមកាន់តែច្រើនទៅៗហើយតែពុំឃើញមានឡានសម្រាមមកយកនោះទេ ។ ប្រជាពលរដ្ឋបានអោយដឹងទៀតថា នាពេលនេះសម្រាមចាប់ផ្តើមរលួយហូរទឹកស្អុយជះខ្លិននិងរុយច្រើនណាស់ ដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ។

  ប្រជាពលរដ្ឋបានសំណូមពរអោយក្រុមហ៊ុនប្រមូលសំរាមនៅក្រុងកំពង់ឆ្នាំង មេត្តារូតរះមកប្រមូលសម្រាមផង ព្រោះពេលនេះមិនអាចទុកនៅគរយូទៀតបានទេ ។

  ពាក់ព័ន្ធជុំវិញការរិះគន់ប្រជាពលរដ្ឋលើបញ្ហមិនប្រមូលសម្រាមនេះ មិនអាចទាក់ទងសុំការបំភ្លឺពីក្រុមម៉ៅការប្រមូលសម្រាមបានទេនាព្រឹកថ្ងៃទី២០ ខែមេសានេះ ដោយទូរស័ព្ទមិនអាចទាក់ទងបាន ។ ដោយ៖ចន្ថា


ចែករំលែក៖