រដ្ឋជាច្រើននៅអាមេរិក បានត្រៀមលក្ខណ បើកដំណើរការសេដ្ឋកិច្ចឡើងវិញ បញ្ចប់គម្លាត់សង្គម ក្រោយពេលប្រធានាធិបតីដូណល់ ត្រាំ ប្រកាសថានឹងកាត់បន្ថយច្បាប់បម្រាមគោចរ ។ សកម្មភាពបែបនេះត្រូវបានក្រុមអ្នកជំនាញព្យករណ៍ថា អាចនឹងបង្កឲ្យមានអ្នកឆ្លងនិងស្លាប់កើនឡើងកាន់តែច្រើន។
បច្ចុប្បន្នអាមេរិក មានចំនួនអ្នកឆ្លងកូវី១៩ កើនឡើងដល់ជាង៧៦៤ពាន់នាក់ និងស្លាប់ ជាង ៤ម៉ឺននាក់ហើយ។ ប៉ុន្តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែមេសា(ពេលវេលាអាមេរិក) បានបញ្ជាក់ថា ពលរដ្ឋដែល ប្រឆាំងនឹងច្បាប់គម្លាតសង្គមគឺជារឿង ដ៏អស្ចារ្យ ។ សកម្មភាពរបស់លោកត្រាំ គឺជាការគាំទ្រដល់ពលរដ្ឋ ដែលបានធ្វើបាតុកម្ម ទាមទារសេរីភាព និងទៅធ្វើការដូចពេលមុន។
ការគាំទ្ររបស់ប្រធានាធិបតីអាមេរិក កើតឡើង ក្នុងពេលដែលរដ្ឋមួយចំនួនអនុវត្តច្បាប់ គម្លាតសង្គមគឺឲ្យពលរដ្ឋនៅក្នុងផ្ទះទប់ស្កាត់ឆ្លងកូវីដ១៩ តាមការអំពាវនាវរបស់ ក្រសួងសុខាភិបាល។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើដល់អភិបាលរដ្ឋ មួយចំនួន លុបច្បាប់បម្រាមគោចរ ពេលស្ថានភាពឆ្លងកូវីដ១៩ ស្ថិតក្នុងការគ្រប់គ្រង ។
កាលពីថ្ងៃទី១៩ ខែមេសា ពលរដ្ឋនៅក្នុងរដ្ឋ Kentucky, Michigan និងVirginia បាននាំគ្នាធ្វើបាតុកម្ម ទាមទារសេរីភាពឡើងវិញ ក៏ដូចជាទៅធ្វើការធម្មតា។ លោកត្រាំ បានលើកឡើងថា ពលរដ្ឋ អាមេរិក ពិតជាធុញទ្រាន់ ពេលត្រូវបង្ខំឲ្យនៅក្នុងផ្ទះទាំងថ្ងៃទាំងយប់ជាច្រើនសប្តាហ៍។ពួកគេចង់ឲ្យមានជីវិតរស់នៅធម្មតាវិញ។លោកត្រាំ បញ្ជាក់ថា «ពួកគាត់បានបាត់បង់ជីវិតរស់នៅធម្មតារបស់ខ្លួន ពួកគាត់ជាអ្នកសេ្នហាជាតិ ហើយចង់វិលត្រឡប់មកធ្វើការធម្មតាវិញ»៕